កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត ជឿជាក់ថា បទចម្រៀង «អូនរាំអែន » អាចនឹងល្បីដល់ទៅ ៤ ប្រទេស ព្រមទាំងស្រូបទាញភ្ញៀវទេសចរណ៍បានមួយផ្នែកតូច !

MV ចម្រៀង « អូនរាំអែន » របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត កំពុងតែផ្ទុះខ្លាំងក្នុងបណ្តាសង្គម ជាពិសេសតាមរយៈបទចម្រៀងមួយបទនេះ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ជឿជាក់ថា បទចម្រៀងនេះអាចនឹងល្បីដល់ទៅបួនប្រទេស ដោយសារតែចំណុចពិសេសទាំងនេះ អាចនឹងស្រូបទាញភ្ញៀវទេសចរណ៍បាមួយផ្នែកតូច មកទស្សនាប្រទេស កម្ពុជា ។

ការពិតណាស់គ្រាន់តែបទចម្រៀង « អូនរាំអែន » បានចេញជាផ្លូវការក្នុងផលិតកម្ម Galaxy Navatra ភ្លាម សន្ទុះនៃការគាំទ្រគឺខ្លាំងមិនធម្មតាទេ ទាំងក្នុងបណ្តាសង្គមហ្វេសប៊ុក យូធូប និង TikTok ។ មិនត្រឹមតែប៉ុណ្ណោះបទចម្រៀង « អូនរាំអែន » ក៏បានសាយភាយដល់បណ្តាប្រទេសមួយចំនួនផងដែរ ។

តាមរយៈសារកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានបង្ហោះកាលពីពេលថ្មីៗនេះលោកបានរៀបរាប់ ទៅកាន់អ្នកគាំទ្ររបស់លោកថា « « អូនរាំអែន » អាចនឹងល្បីបានបួនប្រទេស គឺ កម្ពុជា ថៃ ឡាវ និង ភូមា ព្រោះចំណូលចិត្តប្រជាជនប្រទេសទាំងបួន ស្រដៀងគ្នា ភាសា ខ្មែរ អក្សរខ្មែរ និងផ្សាយទៅប្រទេសទាំងបួនតាមរយៈបទនេះ ពួកយើងប្រឹងធ្វើអស់ពីចិត្ត ដើម្បី ខ្មែរ យើង ។ យើងសង្ឃឹមថា តាមរយៈបទចម្រៀងនេះ អាចនឹងស្រូបទាញភ្ញៀវទេសចរណ៍ទាំងបួនប្រទេសនេះមកលេង កម្ពុជា យើងបានមួយផ្នែកតូចផងដែរ » ។

MV ចម្រៀង « អូនរាំអែន » បានចេញជាផ្លូវការកាលពីថ្ងៃទី ១០ ខែ មីនា កន្លងមកនេះក្នុងផលិតកម្ម Galaxy Navatra ទាំងការដឹកនាំសម្តែង និង ការកាត់ត គឺផលិតឡើងយ៉ាងសម្រិតសម្រាំង សូម្បីតែតារាសម្តែងនៅក្នុងបទចម្រៀងនេះ គឺប្រជុំទៅដោយតារា ថៃ ល្បីៗជាច្រើនរូប ដែលធ្វើឱ្យបទចម្រៀងមួយបទនេះ កាន់តែទាក់ទាញ និងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រ ។ តោះទស្សនា MV ចម្រៀង « អូនរាំអែន » របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត រួមជាមួយតារាចម្រៀង ថៃ ទាំងអស់គ្នា ៕