ព្រះនាងតូច ជេនណា បានបង្ហាញអារម្មណ៍រំភើប និង រីករាយជាខ្លាំងនៅក្នុងគម្រខួប ១២ ឆ្នាំនៅក្នុងឆ្នាំនេះ ដោយសារមានរឿងល្អៗជាច្រើនបានកើតឡើងចំពោះព្រះនាង មិនតែប៉ុណ្ណោះក្នុង ឱកាសខួប ១២ ឆ្នាំនេះ ព្រះនាងតូច ជេនណា ថែមទាំងបានបង្ហាញនូវឈុតសម្លៀកបំពាក់មួយឈុតដែលច្នៃឡើងយ៉ាងប្រណិត និងបង្កប់ដោយអត្ថន័យជ្រាលជ្រៅ ។
តាមរយៈសាររបស់ព្រះនាងតូច ជេនណា ដែលបានបង្ហោះនៅក្នុងថ្ងៃនេះ ព្រះនាងបានរៀបរាប់ថា
« រីករាយថ្ងៃរំលឹកកំណើតខ្ញុំ គម្រប់១២ឆ្នាំនៃឆ្នាំ២០២៤ ឆ្នាំនេះជាឆ្នាំដែលខ្ញុំទទួលបាននូវក្តីរំភើបជាមួយសេចក្តីស្រឡាញ់ដ៏ហូរហៀរ ដែលកើតចេញពីបេះដូងរបស់អ្នកទាំងឡាយដែលស្រឡាញ់រាប់អាន និងថែខ្ញុំទាំងអស់ ពិសេសការគាំទ្រដ៏មហិមាពីសំណាក់ពុកម៉ែបងប្អូនមហាគ្រួសារខ្មែរទាំងក្នុងប្រទេស និងក្រៅប្រទេស ។ យ៉ាងណាមិញ ថ្ងៃនេះ ខ្ញុំសូមបង្ហាញឈុតសម្លៀកបំពាក់ច្នៃថ្មីសម្រាប់អបអរសាទរថ្ងៃរំលឹកកំណើតខ្ញុំ ហើយក៏ចាត់ទុកជាសោភ័ណរូបថ្មីជូនពុកម៉ែបងប្អូនជិតឆ្ងាយទាំងអស់ផងដែរ ជាមួយនឹងសេចក្តីស្រឡាញ់របស់ខ្ញុំផ្ញើជូនពុកម៉ែបងប្អូនជិតឆ្ងាយ ។ឈុតមួយនេះច្នៃឡើងពីផ្កាឈូកប្រាំពីរទង តំណាងនៅថ្ងៃព្រះពុទ្ធប្រសូត្រ ទ្រង់បានឈានជំហានយាងផ្កាឈូកក៏បានផុសឡើងតាមជំហានទ្រង់ ម្ដងមួយៗ ពេលទ្រង់ចំរើនព្រះជន្មព្រះអង្គបានត្រាស់ដឹងពីផ្លូវព្រះធម៌ ឯព្រះហស្តទ្រង់កាន់ផ្កាឈូកប្រោសព្រំដល់មនុស្សសត្វនៅលើផែនដី ។ឈុតនេះកើតចេញពីគំនិតច្នៃប្រតិដ្ឋរបស់បង Chanda Moriaty Tailorដែលបានច្នៃម៉ូដដ៏វិសេសវិសាលនេះ ហើយផាត់មុខដោយ Tata make up real និងធ្វើសក់ដោយ Ravy kater រួមទាំងថតស្ទូឌីយ៉ូ Love Studio Cambodia សម្រាប់ការថតរូប ។ ក្នុងថ្ងៃនេះ ខ្ញុំសូមគោរពអរគុណអស់ពីហឫទ័យចំពោះមហាប្រិយមិត្តនៃគ្រួសារខ្មែរទាំងអស់ សូមមានសុខភាពល្អ អាយុយឺនយូរ និងមានសុភមង្គលគ្រប់ក្រុមគ្រួសារ » ។
ខួប ១២ ឆ្នាំនេះ ព្រះនាងតូច ជេនណា បានជួបរឿងល្អៗ និង បានធ្វើរឿងល្អៗជាច្រើនដែលពីមុនមក ព្រះនាងមិនធ្លាប់បានធ្វើជាពិសេស នៅព្រះនាងតូច ជេនណា ថែមទាំងបានចំណាយពេលវេលាជាមួយអ្នកបង្កើតមាតិកាដ៏ល្បីឈ្មោះកញ្ញា ឆម ស្រីផាច ផងដែរ ជាក់ស្តែងតាមរយៈរូបភាពដែលមហាជនបានឃើញស្រាប់ គឺបង្កប់ទៅដោយអត្ថន័យជ្រាលជ្រៅខ្លាំងទាំងទទួលបានការសរសើរខ្លាំងពីមហាជន ៕