កំពុងផ្ទុះខ្លាំងបទ «នាងអើយ» ពេញបណ្ដាញសង្គម

បើកទំព័រដើមខែ មីនា នេះ សុវត្ថិ មុនីវណ្ណ បានអង្រួញបេះដូងអ្នកគាំទ្ររបស់ខ្លួនជាថ្មីម្តងទៀត ឱ្យស្លុងអារម្មណ៍តាមរយៈបទចម្រៀងថ្មីដែលមានចំណើងថា « នាងអើយ » ដោយក្រុមការងារបានជ្រើសរើសលោក និងតារាស្រីវ័យក្មេង កញ្ញា ល្អហួស ចូលរួមសម្តែងរួមគ្នាជាលើកដំបូង មើលទៅពិតជាប្លែកនិងទាក់ទាញខ្លាំងណាស់ ជាពិសេស​បទចម្រៀងមួយបទនេះកំពុងផ្ទុះខ្លាំងក្នុងបណ្តាញសង្គម TikTok ។

តាមរយៈ MV ចម្រៀងថ្មីមួយដែលមានចំណងជើងថា « នាងអើយ » គឺជាស្នាដៃថ្មីរបស់ផលិតកម្ម Galaxy Navatra ដែលផលិតឡើងយ៉ាងសម្រិតសម្រាំង ទាំងបទចម្រៀង ចង្វាក់ភ្លេង បច្ចេកទេសថត និងកាត់តជាដើម… សូម្បីតែតារាសម្តែងនៅក្នុងបទចម្រៀងនេះ ក៏ទាក់ទាញខ្លាំងផងដែរ ចំណុចពិសេសៗទាំងនេះហើយ ដែលធ្វើ​ឱ្យ​បទចម្រៀងមួយបទនេះ កាន់តែទទួលបានការចាប់អារម្មណ៍ពីមហាជន ទាំងក្នុងនិងក្រៅប្រទេស ។

ទន្ទឹមនិងការចាប់អារម្មណ៍ខ្លាំងបែបនេះ បទចម្រៀង « នាងអើ់យ » ក៏កំពុងល្បីល្បាញពេញបណ្តាញសង្គម TikTok  ដោយសារមានអ្នកយកបទចម្រៀងនេះទៅលេងយ៉ាងច្រើនកុះករ ។ មិនតែ ប៉ុណ្ណោះបទចម្រៀង « នាងអើយ » គឺទទួលបានការសរសើរ និងការពេញចិត្តច្រើនពីសំណាក់អ្នកគាំទ្រ ដែលធ្វើឱ្យតារាចម្រៀង សុវត្ថិ មុនីវណ្ណ កាន់តែទទួលបានប្រជាប្រិយភាពខ្ពស់ ។

មួយរយៈពេលចុងក្រោយនេះតារាចម្រៀង សុវត្ថិ មុនីវណ្ណ កូនច្បងរបស់ កំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ កាន់តែមមាញឹកខ្លាំងនៅក្នុងការងារសិល្បៈ ជាក់ស្តែងលោកត្រូវចេញសម្តែងតាមការប្រគំតន្រ្តីតាមបណ្តាខេត្តក្រុងនានា ។ ទោះជាមហាញឹកយ៉ាងណា តារាចម្រៀង សុវត្ថិ មុនីវណ្ណ នៅតែត្រៀមចេញបទចម្រៀងថ្មីៗជាបន្តបន្ទាប់ ដើម្បីតម្រូវចិត្តអ្នកគាំទ្រ ហើយនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ ដែលជិតឈានមកដល់នាពេលឆាប់ៗខាងមុខនេះ សុវត្ថិ មុនីវណ្ណ ក៏ត្រៀមនឹងចេញបទចម្រៀងថ្មីៗជាច្រើនផ្សេងទៀតគ្រប់ចង្វាក់ ។ កុំភ្លេចរងចាំទស្សនាទាំងអស់គ្នា ។

គួររំលឹកផងដែរថា ចាប់តាំងពីតារាចម្រៀង សុវត្ថិ មុនីវណ្ណ ឈានជើងចូលផលិតកម្ម Galaxy Navatra មក លោកបានចេញបទចម្រៀងល្បីៗជាច្រើន ដូចជាបទចម្រៀង « Don’t Compare » « My Angle » « In The Club » « Talk To me » និងបទចម្រៀងជាច្រើនផ្សេងទៀត ។ គេរំពឹងថាបទ”នាងអើយ” ច្បាស់ជា ទទួលការគាំទ្រកាន់តែខ្លាំងឡើងៗ ដែលអាចវ៉ាដាច់គេ នៃបទចម្រៀងដែលលោក មានកន្លងមកជាក់ជាមិនខាង។