ទើបតែប្រកាសពីការប្រកួតរវាង ក្រុមបាត់ទាត់ Cambodia Football Super Star របស់លោក ខេម ត្រៀម ប៉ះគ្នាជាមួយក្រុមបាល់ទាត់ថ្នាក់ដឹកនាំ ខេត្ដកំពង់ស្ពឺ មិនបានប៉ុន្មានផង ស្រាប់តែធ្វើឱ្យក្រុមលោក ខេម ញញឹមបិទមាត់មិនជិតឡើយ ពីព្រោះតែមានសប្បុរជនជាច្រើបានចូលរួមជួយជាទឹកប្រាក់បានប្រមាណជាង ៧០ លានរៀលហើយ ដើម្បីសកម្មភាពសម្បុរសធម៌រួមគ្នា ។
តារាចម្រៀង ខេម បាន ក្លាយជាប្រធានក្រុម បាល់ទាត់ Cambodia Football Super Star ដែល មាន សមាជិក ក្រុម សុទ្ធតែជាតារា ដើម្បីចូលរួមប្រកួត មិត្ដភាព សម្បុរសធម៌ក្រោមប្រធានបទ “មាតាអស្ចារ្យ ដើម្បីស្នាមញញឹមកុមារ ” ជាមួយក្រុមបាល់ទាត់ រដ្ឋបាល ខេត្ដ កំពង់ស្ពឺ ដែលដឹកនាំ ដោយឯកឧត្ដម វ៉ី សំណាង នៅចុងសប្ដាហ៍ក្រោយនេះ ។ សម្រាប់ការប្រកួតដ៏កក្រើកនេះ មានសប្បុរសជនចូលរួមជួយបានជាង៧០លានរៀលហើយ ដើម្បីធ្វើកិច្ចការសប្បុរសធម៌រួមគ្នា ។ ចំណែកឯសំបុត្រចូលរួម ទស្សនាគឺបានដាក់លក់ចាប់ពីពេលនេះតទៅ ដោយមិនបានកំណត់តម្លៃឡើយ សប្បុរសជនអាចជាវសំបុត្រចូលរួមទស្សនាតាមទឹកចិត្ត ។
នៅក្នុងសន្និសីទ សារព័ត៌មានមួយកាល ពី ល្ងាច ថ្ងៃទី ០១ ខែ មីនា កន្លងមកនេះ លោក ខេម បានបញ្ជាក់ប្រាប់ថា តាមការគ្រោងទុក ក្រុមទាំងពីរ នឹងប៉ះជើងគ្នា នៅលើទីលាន បាល់ទាត់នៃ ពហុកីឡដ្ឋាន ខេត្ដ កំពង់ ស្ពឺ នៅ ថ្ងៃ ទី ០៦ ខែមីនា ឆ្នាំ២០២៤ ។ មិនថា ក្រុមណាចាញ់ ឬ ឈ្នះនោះទេ គឺ ទឹកប្រាក់ ដែលមានការបរិច្ចាគពីសប្បុរសជនយ៉ាងច្រើនសម្រាប់គាំទ្រដល់កម្មវិធីប្រកួតនេះ នឹងត្រូវជួយដល់ មន្ទីរ ពេទ្យគន្ធបុប្ផា និងជួយដល់គម្រោងមនុស្សធម៌មួយចំនួនទៀត។
ដំណឹងបឋមជុំវិញ ការបរិច្ចាគថវិកាលើគម្រោងមនុស្សធម៌នេះ បានកើនឡើងដល់ជាង ៧០លានរៀលហើយ ក្នុងនោះមានការបរិច្ចាគរបស់សម្ដេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន និងសម្ដេចកិតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ចំនួន ៥០លានរៀល ។
កំពូលតារាចម្រៀង លោក ខេម បាន រំលឹក ថាក្រុមបាល់ ទាត់ ដែល ផ្ដួចផ្ដើម ដោយរូបលោក បានដំណើរការបានជាង៤ខែមកហើយ ដោយដំបូងឡើយគ្រាន់តែចង់បង្កើន ចំណង មិត្ដភាព រវាង អ្នក សិល្បៈ នឹង អ្នក សិល្បៈ បង្កើត ភាពសប្បាយ រីករាយ និង លេង ដើម្បី សុខភាព ប៉ុណ្ណោះ។ ប៉ុន្ដែ ឥឡូវ នេះ ក្រុមលោក បានធ្វើរឿងដ៏អស្ចារ្យមួយទៀត គឺ លេងដើម្បីសប្បុរសធម៌។
ក្រុម ខេមបូឌាហ្វូតបលសូពើស្តារ សុទ្ធតែជាអ្នកសិល្បៈ មានផ្នែក ចម្រៀង ម៉ូឌែល អ្នកសម្តែង ពិធីករ និង អ្នកភ្លេង ។ល។ គោលបំណងសំខាន់ដែលយើងបង្កើតក្រុមនេះឡើងគឺដើម្បីជំរុញលើកស្ទួយនិងបំផុសចនាចូលរួមគាំទ្រវិស័យកីឡាបាល់ទាត់ជម្រើសជាតិ ខ្មែរ ឱ្យកាន់តែប្រសើរឡើង និងមានឆន្ទះខ្ពស់ប្រកួតប្រជែងកាន់តែខ្លាំង,ចូលរួមបំផុសគាំទ្រលីត កំពូល ក្នុងនិងប្រទេសកម្ពុជា ឱ្យកាន់តែខ្លាំងក្លា ,ចូលរួមលេងកីឡាដើម្បីសប្បុរសធម៌ និង រឹតចំណងមិត្តភាព ការរាប់អានរវាងសិល្បៈ និងសិល្បៈដូចគ្នា ។
ខេម បានបន្តទៀតថា កន្លងមកក្រុមយើងធ្លាប់ប្រកួតក្នុងកម្មវិធីធំចំនួន ២ លើកមកហើយ យើងប្រមូលបានប្រាក់ជាងមួយម៉ឺនដុល្លារ ដើម្បីជួយកុមារកំព្រានៅខេត្ត ស្វាយរៀង ។ ជាមួយនឹងការត្រៀមខ្លួនចូលប្រកួតនាពេលខាងមុខនេះ តំណាង ក្រុម ទាំង ពីរ បាន ជួប ទល់មុខគ្នា មុនការប្រកួតចូលមក ដល់ ដោយភាគី រដ្ឋបាល ខេត្ដ កំពង់ស្ពឺ ដឹកនាំដោយ អភិបាល នៃ គណៈអភិបាល ខេត្ដ កំពង់ស្ពឺ គឺ ឯកឧត្តម វ៉ី សំណាង និង តំណាង ក្រុម បាល់ទាត់ Cambodia Football Super Star ដឹកនាំ ដោយ ខេម ជាប្រធានក្រុម ។
ក្រោម ក្រសែភ្នែក កីឡាករដែល ភាគ ច្រើន ជាតារាៗ និង អាជ្ញាធរ ខេត្ដកំពង់ស្ពឺ បាន លើក ឡើង ស្រដៀង គ្នាថា ការប្រកួត លើក នេះ គឺ ធ្វើឡើងដើម្បី សាកជើងគ្នារវាងក្រុម ទាំងពីរ ដើម្បីអបអរសាទរ ថ្ងៃ សិទ្ធិ នារី ៨ មីនា និង ដើម្បី សកម្មភាពមនុស្សធម៌ ដោយទឹកប្រាក់ទាំងអស់ដែលសប្បុរសជនបានចូលរួមនោះ នឹងក្លាយជាផ្នែកមួយ ជួយ ដល់ កុមារ កម្ពុជា ទូទាំង ប្រទេស តាម រយៈ មន្ទីរពេទ្យ គន្ធបុប្ផា និងគាំទ្រដល់សកម្មភាពមនុស្សធម៌មួយចំនួនទៀត របស់ខេត្តកំពង់ស្ពឺ។
សម្រាប់សប្បុរសជនដែលបានចូលរួមគាំទ្រជាបឋម នៃការប្រកួតមិត្តភាពនេះ ក្នុងរង្វង់ទឹកប្រាក់ជាង៧០លានរៀលហើយ ។ ក្នុងនោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ៥០លានរៀល ។ ឯកឧត្តម ឃួង ស្រេង និង លោក ជំទាវ ១០ លានរៀល ។ ក្រុម Cambodia football superstar ៥ លានរៀលផងដែរ ។ អ្នកឧកញ៉ាឡេង ណាវ៉ាត្រា និងលោកជំទាវ 1លានរៀល ។ ឧកញ៉ា យឹម តាស្រង់ 50 ម៉ឺនរៀល ។ អ្នកឧកញ៉ា ឡេង ប្រុស 1លានរៀល ។ លោកឧកញ៉ា សំ បូទម្ភ និងលោកជំទាវ 1លានរៀល ។ លោកឧកញ៉ា អ៉ឹង គីមហុង និងលោកជំទាវ 1លានរៀល ។ ឯកឧត្តម ខេមរៈ ភារុន20ម៉ឺនរៀល ។ លោកឧកញ៉ា ឡេង និមល និងលោកជំទាវ50ម៉ឺនរៀល។ លោកឧកញ៉ា ចេង ខេង និងលោកជំទាវ50ម៉ឺនរៀល ។ លោកឧកញ៉ា ហេង ឡុង និងលោកជំទាវ 50ម៉ឺនរៀល ។ ជំទាវឧកញ៉ា ឡេង បញ្ចពណ៌ និងស្វាមី50ម៉ឺនរៀល ។ លោកឧកញ៉ា សុន ដារ៉ាវុធ និងលោកជំទាវ50ម៉ឺនរៀល ។ ឧកញ៉ា សុខ មុយលី 50ម៉ឺនរៀល ។ លោកឧកញ៉ា ព្រាបសុវត្ថិ និងលោកជំទាវ1លានរៀល ។ លោកឧកញ៉ា ខេមរៈ សិរីមន្ត និងលោកជំទាវ1លានរៀល ។ លោកឧកញ៉ា ហ៊ួតជា 50ម៉ឺនរៀល ។ តារាម្រៀង ខាន់ ជេមស៍ និងភរិយា 40ម៉ឺនរៀល។ តារាចម្រៀង តន់ ចន្ទសីម៉ា 40ម៉ឺនរៀល …៕