កញ្ញា លឹម ចាន់សេរីរ័ត្ន លំដាប់រងទី១ ក្នុងកម្មវិធី Miss Grand Phnom Penh ត្រៀមនឹងគ្រងមកុដថ្មីជំនួស កញ្ញា ព្រះកាយច័ន្ទ នាពេលប៉ុន្មានថ្ងៃខាងមុខ ។ ទន្ទឹមនឹងការត្រៀមខ្លួនគ្រងមកុដថ្មី កញ្ញា លឹម ចាន់សេរីរ័ត្ន បេ្តជ្ញាចិត្តដុះខាស់សមត្ថភាពបន្ថែម ដើម្បីដណ្តើមមកុដថ្នាក់ជាតិ ។
ក្រោយជាប់លំដាប់រងទី១ ក្នុងកម្មវិធី Miss Grand Phnom Penh កញ្ញា លឹម ចាន់សេរីរ័ត្ន មិនដែលរំពឹងថា ខ្លួនអាចនឹងមកកាន់តំណែងរបស់កញ្ញា ព្រះកាយច័ន្ទ ឡើយ ដូចដឹងស្រាប់ហើយថា កញ្ញា ព្រះកាយច័ន្ទ មានមហិច្ឆតាខ្ពស់ក្នុងការប្រកួតបន្ទាប់ពីគ្រងមកុដ Miss Grand Phnom Penh ប៉ុន្តែមិនទាន់ឡើងឆាកប្រកួតលក្ខណៈថ្នាក់ជាតិផង ស្រាប់តែតារាស្រីរូបនេះសុំលាលែងតំណែងទៅវិញ ។
កញ្ញា ព្រះកាយច័ន្ទ បានលាលែងតំណែងទាំងទឹកភ្នែក ចំណែកកញ្ញា លឹម ចាន់សេរីរ័ត្ន រីករាយនិងញញឹមបិទមាត់មិនជិតឡើយ ពេលដែលត្រូវទទួលតំណែងជំនួស ព្រះកាយច័ន្ទ តាមលក្ខខណ្ឌដែលបានកំណត់ ។ ក្នុងនាមជាលំដាប់រងទី ១ ក្នុងកម្មវិធី Miss Grand Phnom Penh កញ្ញា លឹម ចាន់សេរីរ័ត្ន បានប្តេជ្ញាចិត្តយ៉ាងមុតមាំថា នាងនឹងប្រឹងប្រែងដុះខាត់ សមត្ថមភាពរបស់ខ្លួនបន្ថែម ដើម្បីទៅកាន់វេទិការធំរបស់ Miss Grand Cambodia 2024 ។
កញ្ញា លឹម ចាន់សេរីរ័ត្ន ពិតជាសំណាងណាស់ ដែលអាចគ្រងមកុដ Miss Grand Phnom Penh សូម្បីតែរូបនាងផ្ទាល់ក៏មិនដែលស្រមៃថា នឹងមានសំណាងធ្លាក់មកដោយឯងៗបែបនេះទេ តែទោះជាយ៉ាងក្តី នាងសន្យាថា នឹងបំពេញការងារក្នុងតំណែងមួយនេះឱ្យបានល្អបំផុត ៕