ទន្ទឹមនិងកញ្ញា ព្រះកាយច័ន្ទ បានលាលែងតំណែងទាំងអាឡោះអាល័យ និងសោកស្តាយបំផុតនោះ បានធ្វើឱ្យមហាជនជាច្រើនគិតថា កញ្ញា ប៊ឺ សុធារី អាចនឹងគ្រងមកុដ Miss Grand Cambodia 2024 ហើយមើលទៅ ពីព្រោះនាងមានសមត្ថភាពខ្លាំងមិនធម្មតា ។
ការដកខ្លួនរបស់ ព្រះកាយច័ន្ទ ពីការប្រកួត Miss Grand Cambodia 2024 នេះត្រូវបានមហាជនជាច្រើនមើលឃើញថា មានអាថ៌កំបាំងជាងច្រើននៅពីក្រោយខ្នង ទើបធ្វើឱ្យតារាស្រីរូបនេះសុខចិត្តបោះបង់ការប្រកួតចោល ទាំងទឹកភ្នែក បង្កប់ដោយការសោកស្តាយបែបនេះ ។
បើតាមប្រភពព័ត៌មានមួយបានបង្ហើបប្រាប់ថា ព្រះកាយច័ន្ទ បានដឹងមុនថា នាងមិនអាចគ្រងមកុដ Miss Grand Cambodia 2024 បាន ទើបនាងដកថយបែបនេះ ។ ដូចទស្សនិកជនធ្លាប់បានដឹងហើយថា កញ្ញា ព្រះកាយច័ន្ទ ធ្លាប់បាននិយាយក្តែងៗថា បើមិនបានមកុដ Miss Grand Cambodia 2024 ទេ នាងនឹងចេញទៅប្រកួតក្នុងកម្មវិធីណាទាំងអស់ ពីព្រោះនាងចូលប្រកួតលើកដំបូងនេះ គឺនាងមកទាំងព្រម ហើយបំណងតែមួយគត់ គឺមកុដ Miss Grand Cambodia 2024 ។
ក្រឡេកមកមើលកញ្ញា ប៊ឺ សុធារី វិញ ហាក់មានទឹកមាត់លេបជាងមុន បន្ទាប់ពីកញ្ញា ព្រះកាយច័ន្ទ ដកខ្លួនបែបនេះ ពីព្រោះនាងបានបាត់បង់ដៃគូខ្លាំងម្នាក់រួចជាស្រេច ។ ប៉ុន្តែ ប៊ឺ សុធារី ក៏បានសម្តែងនូវការសោកស្តាយផងដែរ ដែលបានបាត់បង់ដៃគូប្រកួត ដ៏ល្អដូចជាកញ្ញា ព្រះកាយច័ន្ទ តែទោះជាយ៉ាងណា ប៊ឺ សុធារី បេ្តជ្ញាចិត្តដណ្តើមមកុដ Miss Grand Cambodia 2024 ឱ្យបាន បន្ទាប់ពីនាងបានប្រឹងប្រែងហ្វឹតហាត់ និងពង្រឹងសមត្ថភាពខ្លួនឱ្យកាន់តែខ្លាំងក្លាឡើង ។
ទន្ទឹមនិងការដកខ្លួនរបស់ ព្រះកាយច័ន្ទ បានធ្វើឱ្យរង្គោះរង្គើរខ្លាំងក្នុងវិស័យបវរកញ្ញា សូម្បីតែមិត្តសិល្បករក៏បានសម្តែងនូវអារម្មណ៍ខុសគ្នា ប្រៀបដូចជាបានដឹងមុនថា ម្ចាស់មកុដ Miss Grand Cambodia 2024 គឺត្រូវបានកំណត់រួចទៅហើយ ។
ទោះជាយ៉ាងនេះក្តីអ្នកគ្រប់គ្រងស្ថាប័ន Miss Grand Cambodia នៅតែអះអាងថា រាល់ PD ដែលបានទិញសិទ្ធផ្តាច់មុខតំណាងខេត្ត ត្រូវបញ្ជូនបេក្ខភាពមកប្រកួតតាមពេលវេលាកំណត់ បើមិនដូច្នេះទេ ខាងស្ថាប័ន និងចាត់ការតាមផ្លូវច្បាប់ ៕