ត្រឹម២ ប្រកួត ក្រុមបាល់ទាត់ « ខេមបូឌាហ្វូតបលសូពើស្តារ » អាច រកប្រាក់បានជាង១ម៉ឺនដុល្លារ ជួយក្មេងកំព្រា

លោក ខេម មិនត្រឹមតែជាតារាចម្រៀងល្បីឈ្មោះទាំងក្នុងនិងក្រៅប្រទេសប៉ុណ្ណោះទេ ថ្មីៗនេះលោកថែមទាំងបានបង្កើតក្រុមបាល់ទាត់រួមគ្នាមួយសុទ្ធសឹងជាអ្នកសិល្បៈដែលមានឈ្មោះថា « ខេមបូឌាហ្វូតបលសូពើស្តារ » កំពុងទទួលបានការ គាំទ្រខ្លាំងពីមហាជន  ត្រឹមតែ២ប្រកួត  ប៉ុណ្ណោះ អាចរកប្រាក់បានជាង១ម៉ឺនដុល្លារ ជួយក្មេងកំព្រា ។

តារាចម្រៀង ខេម បានឱ្យដឹងថា មកទល់ពេលនេះក្រុមបាល់ទាត់ ខេមបូឌាហ្វូតបលសូពើស្តារ បង្កើតបានជិត ៤ ខែហើយ  សុទ្ធតែជាអ្នកសិល្បៈ មានផ្នែក ចម្រៀង ម៉ូឌែល អ្នកសម្តែង ពិធីករ និង អ្នកភ្លេង ។ល។ កន្លងមកក្រុមយើងធ្លាប់ប្រកួតក្នុងកម្មវិធីធំចំនួន ២ លើកមកហើយ យើងប្រមូលបានប្រាក់ជាងមួយម៉ឺនដុល្លារ ដើម្បីជួយកុមារកំព្រានៅខេត្ត ស្វាយរៀង ។ 

គោលបំណងសំខាន់ដែលយើងបង្កើតក្រុមនេះឡើងគឺដើម្បីជំរុញលើកស្ទួយនិងបំផុសចនាចូលរួមគាំទ្រវិស័យកីឡាបាល់ទាត់ជម្រើសជាតិ ខ្មែរ ឱ្យកាន់តែប្រសើរឡើង និងមានឆន្ទះខ្ពស់ប្រកួតប្រជែងកាន់តែខ្លាំង,ចូលរួមបំផុសគាំទ្រលីត កំពូល ក្នុងនិងប្រទេសកម្ពុជា ឱ្យកាន់តែខ្លាំងក្លា ,ចូលរួមលេងកីឡាដើម្បីសប្បុរសធម៌ និង រឹតចំណងមិត្តភាព ការរាប់អានរវាងសិល្បៈ និងសិល្បៈដូចគ្នា ។

ទន្ទឹមនិងការបង្ហាញពីគោលបំណងសំខាន់ដែលបង្កើតក្រុមបាល់ទាត់ ខេមបូឌាហ្វូតបលសូពើស្តារ នេះឡើង នៅថ្ងៃទី ០១ ខែ មីនា ឆ្នាំ ២០២៤ ខាងមុខនេះក្រុមបាល់ទាត់ ខេមបូឌាហ្វូតបលសូពើស្តារ ក៏ត្រៀមនឹងរៀបចំធ្វើសន្នីសីទសារព័ត៌មានមួយ ស្តីពីការប្រកួតបាល់ទាត់ សប្បុរសធម៌ ជាមួយថ្នាក់ដឹកនាំខេត្ត កំពង់ស្ពឺ  ក្រោមប្រធានបទ “មាតាអស្ចារ្យដើម្បីស្នាមញញឹមកុមារ” ដើម្បីអបអរទិវាសិទ្ធិនារីអន្តរជាតិ 8 មីនា ដោយមានការគាំទ្រពីថ្នាក់ដឹកនាំកំពូលៗផងដែរ

លោក ខេម បានបញ្ជាក់ទៀតថា ពួកយើងធ្វើការងារនេះ មិនមែនតែមួយខេត្តរឺពីរខេត្តចប់នោះទេ គឺយើងធ្វើការងារនេះក្នុងគម្រោងយូរអង្វែង យើងមានគម្រោងធ្វើការងារនៅតាមបណ្តាខេត្តនានា ជាក់ស្តែងកន្លងមកយើងបានជួយដល់ខេត្តធំ ២ រួចមកហើយដូចជាខេត្ត ស្វាយរៀង និង កំពង់ស្ពឺ ជាដើម…។

លោក ខេម ក៏ដូចជា សមាជិក ក្នុងក្រុម បានដាក់ចិត្តដាក់កាយ ក្នុង ការអភិវឌ្ឍន៍ក្រុម បាល់ទាត់នេះ ឲ្យកាន់តែប្រសើរឡើង តាមរយៈកិច្ចការនេះ ខេម រំពឹង ក្រុមរបស់ខ្លួននឹងជាចំណែកមួយអាចជួយជំរុញ ដល់វិស័យកីឡាឲ្យកាន់តែ រីកច្រើនថែមទៀត និងស្របតាមពាក្យស្លោក *កីឡារស់នៅក្នុងសន្តិភាព *។

ក្រឡេកមកមើលមហាជនដែលស្នេហាវិស័យកីឡាបាល់ទាត់វិញ បានសម្តែងនូវការត្រេអរ ជាមួយការបង្កើតក្រុមបាល់ទាត់មួយនេះ-Cambodia football superstar យ៉ាងច្រើន ថ្វីដ្បិតតែក្រុមនេះទើបតែបង្កើតឡើងក៏ពិតមែន តែមានអ្នកស្គាល់ច្រើនគួរសម ព្រោះក្រៅតែពីសមត្ថភាព ក្រុមមួយនេះ ប្រជុំទៅដោយ អ្នកសិល្បៈល្បីៗ  ដូចនេះ រាល់ការប្រកួតម្ដងៗ មានមហាជនទៅចូលរួមទស្សនាច្រើន៕