បើទោះបីជាលោក អ៊េម ដែលធ្លាប់ជាអតីតមិត្តប្រុសរបស់កញ្ញា រឿន ណាត បានចោទប្រកាន់ថា នាងបានរើសយកអ្នកថ្មីស្គាល់គ្នាទើបបាន ២ ខែក្តី ក៏មិនបានធ្វើឱ្យកញ្ញា រឿន ណាត ឈឺចុកចាប់ ឬតបតអ្វីដែរ ផ្ទុយទៅវិញ នាងធ្វើខ្លួនធម្មតា មិនខ្វល់អ្វីទាំងអស់ នាងថែមទាំងចាយជីវិតហ៊ឹហារយ៉ាងសប្បាយ។
រឿងលោក អ៊េម បែកគ្នាជាមួយកញ្ញា រឿន ណាត បានធ្វើមិត្តភក្តិក្នុងសិល្បៈមានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែអ្នកទាំងពីរមិនធ្លាប់មានបញ្ហាអ្វីកើតឡើងសោះ ស្ងាត់ៗស្រាប់តែបែកគ្នាទៅវិញ ។
មកទល់ពេលនេះមានរយៈពេលជាងមួយសប្តាហ៍ហើយដែល លោក អ៊េម និងកញ្ញា រឿន ណាត បានបែកផ្លូវគ្នា ។ ចំណែកកញ្ញា រឿន ណាត វិញ មិនបានចេញមុខតបតអ្វីទាំងអស់ នាងនៅតែរក្សាភាពស្ងៀមស្ងាត់ ហាក់បីដូចជាអ្វីដែលលោក អ៊េម និយាយជាការពិត រហូតធ្វើឱ្យមហាជនជាច្រើនឆ្ងល់ថា តើ ហេតុអ្វីកញ្ញា រឿន ណាត ពុំចេញមុខបកស្រាយបែបនេះ ?
ជួបជាមួយកញ្ញា រឿន ណាត កាលពីពេលថ្មីៗនេះ នាងមិនបានឆ្លើយអ្វីទាំងអស់ នាងគ្រាន់តែនិយាយថា ទុកឱ្យពេលវេលាជាអ្នកបញ្ជាក់ ។
មើលទៅកញ្ញា រឿន ណាត ហាក់ពុំមានការឈឺចាប់ដូចលោក អ៊េម ឡើយ ផ្ទុយទៅវិញ នាងធ្វើខ្លួន សប្បាយៗ ដើរលេង និងជួបជុំមិត្តភក្តិតាមធម្មតា ជាពិសេសតាំងពីបែកគ្នាជាមួយលោក អ៊េម មក រឿន ណាត កាន់តែស្រស់ស្អាតប្លែក ជីវិតកាន់តែហ៊ឺហារ ប្តូររថយន្តថ្មី ហើយថែមទាំងមានទីផ្សារការងារខ្ពស់ជាងមុន ៕