(ភ្នំពេញ)៖ លោក ជុំ លីណូ តារាចម្រៀងប្រចាំក្នុងផលិតកម្ម Galaxy Navatra បានប្រកាសសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះវិធានការដ៏ម៉ឺងម៉ាត់ និងមុតស្រួចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយបើរកឃើញមានមន្រ្តីណា មានសារធាតុញៀនក្នុងខ្លួន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌ ដោយគ្មានការលើកលែង។
តារាចម្រៀង ជុំ លីណូ បានឲ្យដឹងថា លោកមានការពេញចិត្តជាខ្លាំង ចំពោះចំណាត់ការមួយនេះ និងសូមអំពាវនាវដល់យុវវ័យទាំងអស់ ជៀសឲ្យឆ្ងាយពីគ្រឿងញៀន, គ្រឿងញៀនបំផ្លាញខ្លួនអ្នក បំផ្លាញគ្រួសារអ្នក និងសង្គមជាតិ និងសូមឲ្យបងប្អូនទាំងអស់គ្នាចូលរួមទប់ស្កាត់ ដើម្បីប្រទេសជាតិគ្មានគ្រឿងញៀន និងយុវជនជំនាន់ក្រោយក្លាយជាទំពាំងស្នងឫស្សី អភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើន។
សូមជម្រាបថា វិធានការនេះ គឺជាការពង្រឹងប្រព័ន្ធការងារ និងកែលម្អមន្រ្តីរាជការ គ្រប់ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត ដែលរួមចំណែកយ៉ាងសំខាន់ ក្នុងការលុបបំបាត់បញ្ហាគ្រឿងញៀននៅក្នុងប្រទេស ជំរុញភាពស្អាតស្អំ សន្តិសុខសង្គម សុខដុមរមនា និងការអភិវឌ្ឍនៅក្នុងសង្គម ធ្វើឲ្យប្រទេសយើងឈានទៅសម្រេចគោលដៅ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ចាប់តាំងពីចូលកាន់តំណែងជានាយករដ្ឋមន្រ្តី សម្តេចធិបតី ដែលជាយុវជនបន្តវេន បានខិតខំបំពេញការងារមិនដែលនឿយហត់ទាំងយប់ទាំងថ្ងៃ ដើម្បីបម្រើប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិ តាមរយៈការដាក់ចេញគោលនយោបាយបញ្ចកោណ ដំណាក់កាលទី១ ក្នុងនោះកម្មវិធីអាទិភាព៦ចំណុច ត្រូវបានដាក់ឱ្យអនុវត្តភ្លាមៗ សំដៅជួយប្រជាពលរដ្ឋដែលរងគ្រោះពិតប្រាកដ។ សម្តេចបានពង្រឹងគ្រប់ក្រសួងស្ថាប័ន និងបង្កើតបានសមិទ្ធផលធំៗជាបន្តបន្ទាប់។ វិធានការជាច្រើនដែលដាក់ចេញដោយសម្តេច ត្រូវបានសាទរយ៉ាងខ្លាំងពីប្រជាពលរដ្ឋ ក្នុងនោះមានដូចជា ការបណ្តេញកងកម្លាំងប្រដាប់អាវុធណាដែលប្រើប្រាស់គ្រឿងញៀនចេញពីក្របខណ្ឌ វិធានការចំពោះអ្នកបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ហើយគេចវេសជាដើម។
ការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀននៅតាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ គឺពិតជាមានសារៈសំខាន់ក្នុងការលើកស្ទួយមុខមាត់ កិត្តិយស និងភាពស្អាតស្អំ របស់ស្ថាប័នរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ដែលត្រូវដើរតួនាទីជាគំរូដ៏ល្អក្នុងការបម្រើប្រជារាស្ត្រ និងចូលរួម អភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន។ មហាជនថា ការប្រើប្រាស់គ្រឿងញៀន មិនត្រឹមតែប៉ះពាល់ដល់បុគ្គល និងគ្រួសារប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងប្រសិទ្ធភាពការងាររបស់ ក្រសួង ស្ថាប័ន ជាពិសេស សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងភាពសុខដុមរមនាក្នុងសង្គម៕