កាលពីម្សិលមិញនេះអ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករ ខ្មែរ បានបង្ហាញនូវអារម្មណ៍ខឹងសប្បារយ៉ាងខ្លាំងទៅលើបុគ្គលម្នាក់ ដោយប្រើពាក្យសម្តីខ្លាំងៗ ព្រមទាំងឌឺដងផ្លែផ្កា ហើយថា ខ្លួនខំទ្រាំអស់ពេលជិត ៦ ឆ្នាំហើយ ទើបតែបញ្ចេញ ។
ប៉ុន្មានថ្ងៃនេះមានរឿងរង្គោះរង្គើរខ្លាំងនៅក្នុងវិស័យសិល្បៈ ស្របពេលដែលជិតដល់ថ្ងៃបោះឆ្នោតរើសប្រធានសមាគមសិល្បករ ខ្មែរ ក្នុងអាណ្តិតថ្មី ។
អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះសារនៅលើហ្វេសប៊ុករបស់ខ្លួនថា «ថ្ងៃនេះជាថ្ងៃសិរីសួស្តីរបស់ខ្ញុំ បងផុសតាមចិត្ត តែខ្ញុំចង់ប្រាប់ថា ជិត ៦ ឆ្នាំដែលខ្ញុំមិនដែលតបបងសោះ ខ្ញុំសូមប្រកាសថា ពេលនេះ ម៉ោងនេះ យើងអាចជួបគ្នាផ្លូវណាក៏បាន ជិត ៦ ឆ្នាំដែលខ្ញុំស្ងៀមស្ងាត់ជាមួយមនុស្សប្រុសសម្តីស្រី គឺខ្ញុំត្រូវក្លាយជាជនអាក្រក់ កុំរុញឱ្យស្រីម្នាក់នេះដើរបុកជញ្ជាំង គ្មានអ្វីអាក្រក់ជាងសត្វពស់ ដែលតាំងខ្លួនជាសត្វពង្រូលទេ គឺខ្ញុំសុំជូនពានរង្វាន់កំពូលតារាសម្តែងឈ្នានីសប្រចាំឆ្នាំ ២០២៥ ជូនទៅបង ។ បញ្ជាក់ ឥឡូវ បើជាមនុស្សស្រីទោះថាខ្ញុំ ចោទខ្ញុំយ៉ាងណាខ្ញុំ ទ្រាំបាន តែបើជាមួយមនុស្សប្រុសដែលតាមខាំខ្ញុំរាប់ឆ្នាំ គ្មានស្រីណាទ្រាំបានទេ » ។
បន្ទាប់ពីចេញសារនេះរួចហើយ អ្នកនាង ចន ច័ន្ទលក្ខិណា ថែមទាំងថែមសារដ៏ក្តៅគកុកមួយបន្ថែមទៀតថា « កុំភ្លេចថាហែងធ្លាប់យកស្បែកជើងគប់ក្បាលប្អូនប្រុសអញ ដោយគ្រាន់តែគ្នារាំខុស ហើយយប់ឡើងហែងចង់អូស….ណាយកទៅ… » ។
ក្រោយបង្ហោះសារផ្ទួនៗគ្នាបែបនេះ ធ្វើឱ្យកក្រើកអស់ពិភពសិល្បៈ ហើយមហាជនជាច្រើនគិតថា សម្តីដែលអ្នកនាង ចន ច័ន្ទលក្ខិណា និយាយបែបនេះ គឺចង់សំដៅទៅលើលោក គួច ខេវិន ដែលជាអ្នកផលិតកម្មវិធីដ៏ល្បីឈ្មោះមួយរូប ។
ដោយឡែកនៅព្រឹកថ្ងៃទី ២០ ខែ កុម្ហះ ស្រាប់តែអ្នកនាង ចន ច័ន្ទលក្ខិណា បានលុបសារដែលខ្លួនបានបង្ហោះចោលទាំងអស់ចោល ហាក់បីដូចជាមានអន្តរាគមន៍ណាមួយ ៕