តារាសម្តែងកញ្ញា វល្លិ មិនមានអារម្មណ៍ឈឺចាប់នោះទេនៅពេលដែលខ្លួនបរាជ័យនៅក្នុងការប្រកួត Miss Grand Phnom Penh ផ្ទុយទៅវិញនាងបែរជាត្រៀមខ្លួនចូលរោងការជាមួយគូស្នេហ៍យ៉ាងសប្បាយរីករាយ ។
មង្គលការរបស់ កញ្ញា វល្លិ នឹងរៀបចំឡើងនៅថ្ងៃទី ១៨ ខែ កុម្ភះ ឆ្នាំ ២០២៤ នៅ ព្រីមៀមសែនសុខ ដោយត្រៀមអញ្ជើញមិត្តសិល្បករជាច្រើនចូលរួមអបអរសាទរ ។ កញ្ញា បាននិយាយថា « ១០ ថ្ងៃទៀតលាភាពនៅលីវហើយ » ។
កញ្ញា វល្លិ គឺជាតារាសម្តែងល្បីឈ្មោះមួយរូបដែលមានវត្តមាននៅក្នុងរឿងភាគជាច្រើនដែលបានដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍នានា ចុងក្រោយនេះដើម្បីពង្រើកស្នាដៃរបស់ខ្លួន នាងបានដាក់ពាក្យចូលរួមប្រកួត Miss Grand Phnom Penh ដែលដណ្តើមមកុដចូលរួមក្នុងការប្រកួតថ្នាក់ជាតិ ប៉ុន្តែអ្វីដែលគួរឱ្យស្តាយនោះ គឺនាងមិនទទួលបានមកុដនោះទេ ។ ការបរាជ័យនេះបានធ្វើឱ្យកញ្ញា វល្លិ ខកចិត្តជាខ្លាំង ប៉ុន្តែដោយទទួលបានកម្លាំងចិត្តពីអ្នកជុំវិញខ្លួន វល្លិ ឈប់គិតពីរឿងទាំងនោះ ហើយត្រៀមខ្លួនធ្វើជាកូនក្រមុំដ៏ស្រស់ស្អាតក្នុងពេលឆាប់ៗ ។
កញ្ញា វល្លិ បានបង្ហាញនូវអារម្មណ៍រីករាយថា អ្វីដែលសំខាន់សម្រាប់នាងនៅក្នុងពេលនេះគឺត្រៀមខ្លួនក្នុងថ្ងៃពិសេសដែលជិតមកដល់នាពេលប៉ុន្មានថ្ងៃខាងមុខ រឿងមិនសប្បាយចិត្តគឺនាងបានបោះចោលអស់ហើយ ។
បន្ទាប់ពីរៀបការរួចកញ្ញា វល្លិ នៅតែមានគម្រោងថតភាពយន្តដូចដើម ចំណែកអនាគតស្វាមីរបស់នាងក៏មិនបានហាមប្រាមនាងក្នុងការប្រលូកក្នុងវិស័យសិល្បៈដែរ ៕