ក្រសួងទេសចរណ៍ផលិតវីដេអូអំពីទិដ្ឋភាពសង្ខេបៗដែលបង្ហាញពីសក្តានុពលនៃវិស័យទេសចរណ៍ក្នុងខេត្តព្រះសីហនុ ស្ថិតនៅលើឆ្នេរសមុទ្រភាគនិរតីនៃប្រទេសកម្ពុជា ត្រូវបានគេស្គាល់ថាជាឆ្នេរដ៏ស្រស់ស្អាត ដែលពោរពេញដោយផលិតផលទេសចរណ៍ជាច្រើន រួមជាមួយជីវិតពេលរាត្រីដ៏រស់រវើក និងមានជម្រើសជាច្រើនក្នុងការទទួលទានអាហារសមុទ្រចម្រុះដ៏មានឱជារសឈ្ងុយឆ្ងាញ់។
ក្រសួងទេសចរណ៍បានឲ្យដឹងថា ឆ្នេរជាច្រើនកន្លែងនៅក្រុងព្រះសីហនុគឺជាទីកន្លែងដ៏ពេញនិយមសម្រាប់ការងូតទឹក គេងហាលថ្ងៃ និងសកម្មភាពក្នុង និងលើទឹកដូចជា ការមុជក្រោមទឹកការជិះម៉ូតូទឹកជាដើម។ល។ ក្រៅពីកម្សាន្តតាមឆ្នេរ ខេត្តព្រះសីហនុក៏មានកោះជាច្រើនដែលល្អឥតខ្ចោះសម្រាប់ការធ្វើដំណើរសម្រាកទាំងពេលថ្ងៃ និងយប់ ដូចជាកោះរ៉ុង និងកោះរ៉ុងសន្លឹម ហើយកោះពីរនេះគឺជាកោះដែលមានភ្ញៀវទេសចរទៅកម្សាន្តច្រើនជាងគេក្នុងចំណោមកោះផ្សេងៗនៅក្នុងខេត្តព្រះសីហនុ ដែលកោះទាំងនោះមានឆ្នេរខ្សាច់សស្អាត និងទឹកថ្លាឈ្វេង។
លើសពីឆ្នេរសមុទ្រ កោះ បឹងបួរ ភ្ញៀវទេសចរអាចស្វែងយល់ពីតំបន់ទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្ររបស់ក្រុងព្រះសីហនុ ដូចជាប្រាសាទវត្តលើ និងវិមានឯករាជ្យជាដើម។ ក្នុងនោះដែរទីក្រុងព្រះសីហនុក៏មានទីកន្លែងកម្សាន្តពេលរាត្រីដ៏រស់រវើក ដូចជាក្លឹបកម្សាន្ត និងកាស៊ីណូជាច្រើនកន្លែងដែលរង់ចាំបម្រើជូនភ្ញៀវទេសចរផងដែរ។
សរុបមក ខេត្តព្រះសីហនុផ្តល់នូវការសម្រាកលំហែ ការផ្សងព្រេង និងការកម្សាន្តចម្រុះ ដែលធ្វើឱ្យខេត្តមួយនេះក្លាយជាគោលដៅដ៏ពេញនិយមសម្រាប់អ្នកធ្វើដំណើរទាំងភ្ញៀវជាតិ និងអន្តរជាតិដែលមានបំណងស្វែងរកកន្លែងកម្សាន្តតាមឆ្នេរសមុទ្រនៅអាស៊ីអាគ្នេយ៍។