ស្របពេលដែលជាប់ឈ្មោះជា Miss Grand Phnom Penh 2024 កញ្ញា ព្រះកាយច័ន្ទ បានប្រកាសនឹងកែខ្ទង់ច្រមុះថ្មីយកហុងស៊ុយ តែដាច់ខាតគឺនាងមិនកែពង្រើកដើមទ្រូងឱ្យធំដូចជាតារាមួយចំនួនឡើយ ។
កញ្ញា ព្រះកាយច័ន្ទ ធ្លាប់កែច្រមុះម្តងរួចមកហើយតាំងពីនាងប្រលូកក្នុងសិល្បៈដំបូង ក្រៅពីនេះសម្រស់របស់នាងគឺធម្មជាតិមួយរយភាគរយ ដោយសារនាងជាមនុស្សម្នាក់ដែលខ្លាច ហើយមិនចង់កែសម្ផស្សអ្វីច្រើននោះដែរ ។ ដោយឡែកនៅពេលត្រៀមខ្លួនចូលរួមប្រកួត Miss Grand Cambodia 2024 ក្នុងពេលឆាប់ៗខាងមុខនេះ ព្រះកាយច័ន្ទ ក៏បានផ្លាស់ប្តូរខ្លួនឯងទៅជាមនុស្សម្នាក់ផ្សេងទៀត ជាពិសេសនាងមានបំណងនឹងកែខ្ទង់ច្រមុះថ្មី ដើម្បីយកហុងស៊ុយ ។
កញ្ញា ព្រះកាយច័ន្ទ បាននិយាយទៅកាន់អ្នកគាំទ្ររបស់ខ្លួនកាលពីពេលថ្មីៗនេះថា នាងមានបំណងនឹងទៅកែខ្ទង់ច្រមុះថ្មី ក្នុងពេលឆាប់ៗនេះ ដើម្បីបង្កើនសម្រស់ក៏ដូចជាយកហុងស៊ុយ ប៉ុន្តែចំពោះរឿងកែ ឬ ពង្រើកដើមទ្រូងឱ្យធំជាងមុន គឺនាងមិនចាប់អារម្មណ៍ឡើយ ទោះនរណាចង់ថា ឬ គិតយ៉ាងណាក៏នាងមិនខ្វល់ដែរ សំខាន់គឺនាងស្រឡាញ់អ្វីដែលនាងមាន ។
កញ្ញា ព្រះកាយច័ន្ទ បានត្រៀមខ្លួនរួចជាស្រេចដើម្បីដណ្តើមកុដ Miss Grand Cambodia 2024 បន្ទាប់ពីជាប់ជា Miss Grand Phnom Penh ។ ព្រះកាយច័ន្ទ សង្ឃឹមនិងជឿជាក់ថា មកុដ Miss Grand Cambodia 2024 នឹងក្លាយជារបស់នាង ហើយនាងនឹងនាំ កម្ពុជា ទៅលើឆាកអន្តរជាតិ ។
ថ្វីដ្បិតតែមានការជឿជាក់បែបនេះក្តីតែពុំទាន់ដឹងថា បេក្ខភាពរូបណាមានសំណាងនឹងក្លាយទៅជាម្ចាស់មកុដ Miss Grand Cambodia 2024 នេះនៅឡើយទេ គឺមានតែរងចាំតាមដាននិងទស្សនាទាំងអស់គ្នាប៉ុណ្ណោះ តែឆ្នាំនេះមានបេក្ខភាពខ្លាំងៗជាច្រើននាក់ចូលរួមប្រកួត ក្នុងនោះក៏មានបេក្ខភាពដែលធ្លាប់ប្រលងជាប់នៅក្នុងកម្មវិធីបវរកញ្ញាមួយចំនួនផងដែរ ៕