ទើបទិញរថយន្តថ្មីឱ្យកូនប្រុសមិនបានប៉ុន្មានផង អ្នកនាង ខាត់ សុឃីម ត្រៀមបោះទុនប្រាក់រាប់ម៉ឺនដុល្លារបើកក្រុមហ៊ុនថ្មី  

ទើបតែទិញរថយន្តតម្លៃរាប់ម៉ឺនដុល្លារឱ្យកូនប្រុសមិនបានប៉ុន្មានផង ស្រាប់តែពេលនេះតារាចម្រៀងជើងចាស់ អ្នកនាង ខាត់ សុឃីម ត្រៀមបោះទុនប្រាក់រាប់ម៉ឺនដុល្លារបន្ថែមទៀតដើម្បីបើកក្រុមហ៊ុនរកស៊ីថ្មីមួយ បន្ទាប់ពីជោគជ័យនៅក្នុងការលក់ផលិតផលថែរក្សាសម្រស់មួយប្រភេទ ។ 

នៅក្នុងនិងក្រៅសិល្បៈ នរណាៗក៏ដឹងដែរថា អ្នកនាង ខាត់ សុឃីម ក៏ធ្លាប់ជួបនូវវិប្បត្តិសេដ្ឋកិច្ច ជាពិសេសរឿងបំណុលរាប់សែនដុល្លារ ដែលធ្វើឱ្យនាងក្រពុលមុខខ្លាំងកាលពីប៉ុន្មានឆ្នាំមុន ។ តែដោយសារមានទ្រព្យសម្បត្តិនៅសេសសល់ខ្លះ នាងនិងស្វាមី បានលក់យកប្រាក់ដើម្បីសង និងដោះបំណុល ទាល់តែអស់ ។ ពេលនេះជីវិតគ្រួសារនាងចាប់ផ្តើមធូធារ ហើយក៏ត្រៀមបើកអាជីវកម្មជាច្រើនទៀត  ។

អ្នកនាង ខាត់ សុឃីម បានប្រាប់ថា រឿងបំណុល គឺនាងបានសងគេអស់ហើយ ហើយក៏មិនចង់ជំពាក់គេទៀតដែរ ដូច្នេះហើយទើបខំប្រឹងធ្វើការរកស៊ីទាំងយប់ទាំងថ្ងៃ ដើម្បីឱ្យគ្រួសារមានបាននិងគេ ។ ពេលនេះនាងមានអាជីវកម្មជាច្រើននៅក្នុងដៃ ហើយនៅក្នុងអំឡុងខែ មេសា ខាងមុខនេះ នាងនិងស្វាមី ត្រៀមបើកក្រុមហ៊ុនរកស៊ីថ្មីមួយទៀតបន្ថែមពីលើអាជីវកម្មលក់ផលិតផលថែរក្សាសម្រស់ ។ 

សម្រាប់ដើមទុនក្នុងការបើកអាជីវកម្មថ្មីនេះ អ្នកនាង ខាត់ សុឃីម មិនបានប្រាប់លំអិតនោះទេ នាងបានត្រឹមតែនិយាយថា គឺចំណាយដើមទុនអស់ច្រើនគួរសម ។ បើតាមប្រភពព័ត៌មានស្និទ្ធជាមួយអ្នកនាង ខាត់ សុឃីម បានបង្ហើបប្រាប់ថា ខាត់ សុឃីម ត្រៀមប្រាក់ខ្ទង់សែនដុល្លារដើម្បីបើកក្រុមហ៊ុនថ្មីនេះ ។ 

គ្រាន់តែដើមឆ្នាំ ២០២៤ នេះ អ្នកនាង ខាត់ សុឃីម បានចំណាយអស់ប្រាក់រាប់សែនដុល្លារក្នុងការត្រៀមបើកក្រុមហ៊ុនថ្មី ក៏ដូចជាទិញរថយន្តថ្មីស្រឡាងដល់កូនប្រុសខ្លួន រហូតធ្វើឱ្យអ្នកក្នុងនិងក្រៅសិល្បៈ ម្នាក់ៗលាន់មាត់សរសើរថា ខាត់​ សុឃីម យីអ៊ុនឡើងមែន ដែលហ៊ានបោះទុនប្រាក់ទិញរថយន្តថ្មីហើយ និង ត្រៀមបើកក្រុមហ៊ុនថ្មី ក្នុងខណៈពេលដែលគេគ្រប់គ្នាកំពុងមានបញ្ហាខាងវិប្បត្តិសេដ្ឋកិច្ច  ៕