លាក់លែងជិតហើយ បើស្វីតដល់ថ្នាក់នេះ តារាចម្រៀង ពូ និងកញ្ញា ហ៊ិន លីដា ដឹងតែមានដំណឹងល្អ Surprise ហ្វេនហ្វេន មិនខាន !

ទើបតែបែកធ្លាយព័ត៌មានថា តារាចម្រៀង ពូ និង កញ្ញា ហ៊ិន លីដា បានស្រឡាញ់គ្នាក្នុងទ្រនុំតែមួយមិនបានប៉ុន្មានផង ស្រាប់តែពេលនេះតារាចម្រៀង ពូ បានសារភាពដោយត្រង់ៗថា ស្រឡាញ់ ពេញចិត្ត លើ កញ្ញា ហ៊ិន លីដា នៅពេលដែលឃើញនាងរបូតស្បែកជើង ។ មិនតែប៉ុណ្ណោះសូម្បីតែនៅក្នុងកន្លែងធ្វើការ ក៏លោក ពូ បានបញ្ចេញនូវកាយវិការ ស្វីតស្វីត ដាក់កញ្ញា ហ៊ិន លីដា រហូតធ្វើឱ្យមិត្តរួមការងារច្រណែនគ្រប់ៗគ្នា រីឯកអ្នកគាំទ្រវិញបន្ទាប់ពីបានឃើញកាយវិការដ៏ផ្អែមល្ហែមរបស់អ្នកទាំងពីរ បែបនេះ ម្នាក់ៗគិតថា លោក ពូ និង កញ្ញា ហ៊ិន លីដា ត្រៀមមានដំណឹងល្អក្នុងពេលឆាប់ៗនេះ ។  

តាមរយៈវិដេអូ Tik Tok មួយដែលបានបង្ហោះកាលពីពេលថ្មីៗនេះ គឺតារាចម្រៀង ពូ និង កញ្ញា ហ៊ិន លីដា កំពុងថតបទចម្រៀងរួមគ្នានៅក្នុងស្ទូឌីយ៉ូ ហើយក៏មានការជជែកវែកញ៉ែកពីរឿងរ៉ាវនៃការស្រឡាញ់រវាងគ្នាចំពោះគ្នា ។

លោក ពូ បាននិយាយទៅកាន់មិត្តភក្តិរបស់ខ្លួនថា ដើមហេតុនៃការស្រឡាញ់គ្នា រវាងលោក និង កញ្ញា ហ៊ិន លីដា គឺបន្ទាប់ពីខ្លួនឃើញ ហ៊ិន លីដា របូតស្បែកជើង ហើយលោកក៏បានចង់ស្បែកជើងឱ្យនាង ។

លោក ពូ មិនត្រឹមតែយកចិត្តទុកដាក់ចំពោះកញ្ញា ហ៊ិន លីដា ជាពិសេសប៉ុណ្ណោះទេ កន្លងមកលោកក៏ធ្លាប់បានជូនកញ្ញា ហ៊ិន លីដា ទៅពេទ្យពេលដែលនាងមិនស្រួលខ្លួនផងដែរ ។ ទង្វើរដ៏ល្អបែបនេះ កាន់តែធ្វើឱ្យទំនាក់ទំនងអ្នកទាំងពីរស្អិតរមួតនិងគ្នាខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ  ។

ចំពោះរឿងនេះកញ្ញា ហ៊ិន លីដា នៅពុំទាន់ចេញមុខបកស្រាយយ៉ាងណានៅឡើយទេ ប៉ុន្តែមើលទៅរូបនាងហាក់បីដូចជាមានការខ្មាស់អៀន លាយឡំអារម្មណ៍ភ័យ រហូតនិយាយមិនចេញនៅពេលដែលលោក ពូ សារភាពពីដើមហេតុដែលធ្វើឱ្យលោកស្រឡាញ់ពេញចិត្តនាង ។  ដូចដឹងស្រាប់ហើយថា កញ្ញា ហ៊ិន លីដា នៅក្មេងខ្ចី មិនធ្លាប់មានរឿងរ៉ាវអាស្រួវស្នេហាជាមួយបុរសណាម្នាក់ឡើយ ។

ទន្ទឹមនិងការបែកធ្លាយព័ត៌មានស្នេហានេះ លោក ពូ និង កញ្ញា ហ៊ិន លីដា ក៏ត្រៀមចេញសមិទ្ធផលថ្មីរួមគ្នាក្នុងពេលឆាប់ៗខាងមុខ ដើម្បីបំពេញតាមតម្រូវការរបស់អ្នកគាំទ្រ ៕