ដើមឆ្នាំថ្មីនេះតារាសម្តែងរូបសង្ហា ព្រីន ទទួលបានការងារជា BA ឱ្យក្រុមហ៊ុនធំ ២ ដោយទទួលបានតម្លៃខ្លួនខ្ពស់ រហូតអាចទិញវីឡាតម្លៃរាប់សែនដុល្លារផងដែរដោយគ្រាន់តែចុះកុងត្រាការងារត្រឹមតែជាងមួយឆ្នាំ ។
លោក ព្រីន ត្រូវបានមហាជនស្គាល់ច្បាស់ថា ជាដៃគូស្នេហាដ៏ផ្អែមល្ហែមរបស់តារាស្រី រចនា រ៉ាវាឌី មកទល់ពេលនេះអ្នកទាំងពីរនៅតែរក្សាទំនាក់ទំនងល្អដូចដើម សូម្បីតែអ្នកគាំទ្រក៏បានជំរុញឱ្យអ្នកទាំងពីររៀបការឆាប់ៗដែរ ប៉ុន្តែនិយាយពីរឿងរៀបការ អ្នកទាំងពីរហាក់បីដូចជាមានការរារែកចិត្ត ។ ចំពោះរឿងរៀបការតារាសម្តែង ព្រីន បែរជានិយាយថា ខ្លួនមិនចង់រៀបការទេ ពីព្រោះមិនចង់មានសម្ពាធផ្លូវចិត្ត អ្វីដែលសំខាន់នៅក្នុងពេលនេះត្រូវប្រឹងរកលុយឱ្យបានច្រើន ទាន់ឱកាសល្អកំពុងហុចឱ្យ ។
លោក ព្រីន កំពុងតែមមាញឹកនៅក្នុងការងារថតផ្សាយពាណិជ្ជកម្មជាច្រើន ជាក់ស្តែងគ្រាន់តែដើមឆ្នាំ ២០២៤ នេះលោកទទួលបានការងារជា BA ឱ្យក្រុមហ៊ុនធំចំនួន ២ ដោយទទួលបានតម្លៃខ្លួនខ្ពស់នឹក ស្មានមិនដល់ ។
លោក ព្រីន បានឱ្យដឹងផងដែរថា ការងារថ្មីនេះគឺលោកអាចទិញផ្ទះវីឡាមួយខ្នងបាន តែពេលនេះលោកមិនចង់ទិញផ្ទះទេ ពីព្រោះ ផ្ទះ និង រថយន្ត គឺលោកមានអស់ហើយ ចំណែកប្រាក់ដែលរកបាន គឺលោកសន្សំទុកទិញទ្រព្យសម្បត្តិផ្សេងៗទៀតដែលមានតម្លៃ ទុកជាដើមទុនសម្រាប់ថ្ងៃអនាគត ។
ទោះបីជាលោក ព្រីន មិនបានបញ្ជាក់ពីតម្លៃខ្លួនដែលទទួលការងារជា BA ក្នុងការផ្សព្វផ្សាយផលិតផលនោះមានតម្លៃប៉ុន្មានក្តី តែតាមអ្នកសិទ្ធជាមួយលោកបានបង្ហើបប្រាប់ថា ព្រីន ទទួលបានតម្លៃខ្លួនខ្ពស់ខ្លាំង គឺរាប់សែនដុល្លារឯណោះ ដូច្នេះហើយទើប ព្រីន ហ៊ាននិយាយថា អាចទិញវីឡាបានមួយខ្នង បន្ទាប់ពីទទួលការងារនេះ ៕