ពេលនេះរឿងចម្រុងចម្រាលពាក្យសម្តី រវាងតារាចម្រៀង រ៉េប ខ្មែរមួយជីវិត និងតារាចម្រៀងនៅក្នុងផលិតកម្ម Galaxy Navatra លោក ខេមរៈ សិរីមន្ត និងលោក ព្រាប សុវត្ថិ បានបញ្ចប់ហើយ បន្ទាប់ពីតារាចម្រៀង រ៉េប ខ្មែរមួយជីវិត បានចេញមុខដឹងកំហុសខ្លួន បញ្ចប់រឿង និងសុំការអធ្យាស្រ័យ ពីតារាចម្រៀងរៀមច្បងទាំង ២ ។
តារាចម្រៀងលោក ខេមរៈ សិរីមន្ត មិនប្រកាន់ទោសកំហុស និងព្រមទទួលការអធ្យាស្រ័យ ដល់តារាចម្រៀង រ៉េប ខ្មែរមួយជីវិត ដោយក្តីរីករាយ ។ តាមរយៈសាររបស់លោក ខេមរៈ សីរីមន្ត ដែលទើបតែចេញនាពេលថ្មីៗនេះលោកបានរៀបរាប់ថា « ល្អណាស់ប្អូនប្រុស ខ្មែរមួយជីវិត យើងជាបង ជាប្អូនយើងជាសិល្បៈករ ដូចគ្នា យើងរួមគ្នា សាមគ្គីភាព ឱបក្តីស្រឡាញ់ ឱបក្តីស្រមៃ ប៉ុន្មានថ្ងៃនេះបងទទួលយកបានគ្រប់យ៉ាងទាំងអស់នូវមតិរបស់ពូមីងបងប្អូនគ្រប់មជ្ឈដ្ឋានដោយក្តីគោរព ព្រោះដើម្បីបុព្វហេតុកែតម្រូវគ្នាទៅវិញទៅមកជាពិសេស សុជីវធម៌ ការប្រាស្រ័យទាក់ទងទៅវិញទៅមកក្នុងសង្គមយើង សូមអរគុណប្អូន(ខ្មែរមួយជីវិត)ដែលជាគ្រូនឹងជាគំរូរបស់តារាចម្រៀង Rapជំនាន់ក្រោយហើយក៏ជាតួអង្គយ៉ាងសំខាន់ក្នុងការជួយសំរេច បុព្វហេតុកែតម្រូវក្រមសីលធម៌ចំពោះគ្នាទៅវិញទៅមកដ៏សំខាន់មួយនេះ ប្អូនបានយល់ពីបេះដូងរបស់បង នឹងបានកែលម្អយ៉ាងល្អប្រសើរឡើងវិញ ធ្វើអោយរឿងនេះបញ្ចប់ទៅដោយស្នាមញញឹមនឹងក្តីស្រលាញ់នេះគឺជាគំរូដ៏ល្អខ្លាំងណាស់ប្អូនប្រុសសំរាប់សង្គមជាតិយើង រួមគ្នាកែតម្រូវទាំងអស់គ្នានៅចំនុចខ្វះខាត រួមគ្នានាំយកសិល្បៈចម្រៀងខ្មែររបស់យើងទៅកាន់ឆាកអន្តរជាតិទាំងអស់គ្នាណាប្អូន ខ្ញុំបាទក៏សូមយកឱកាសនេះ សំណូមពរដល់ប្អូនៗ សិល្បៈគ្រប់ទម្រង់ និងសិល្ប: Rapper ទាំងអស់ទាំងអស់ ពីពេលនេះតទៅយើងរួមគ្នាកែតម្រូវ និពន្ធចម្រៀង ដោយផ្អែកលើក្រមសីលធម៌ ជាគោលបើសិនជាអាចគឺប្រសើរណាស់ ដោយក្តីគោរពស្រលាញ់ពីបង ព្រោះភាសាឌឺដង និង ការបាត់បង់ក្រមសីលធម៌ ក៏អាចជាផ្នែកតូចមួយក្នុងការបញ្ឆេះកំហឹង កើតជាហិង្សាបាក់បែកសាមគ្គីជាតិ ដោយមិនដឹងខ្លួន ជាពិសេសដល់យុវជននិង ក្មេងតូចៗជំនាន់ក្រោយ និងឈានទៅប៉ះពាល់ដល់ អសន្តិសុខសង្គម និងសន្តិភាពជាតិយើង។ ម៉្យាងវិញទៀតក៏ដើម្បីជាគំរូល្អៗដល់យុវជនខ្មែរយើងដែលជាទំពាំងស្នងឬស្សីផងដែរ ។ សូមអរគុណប្អូនៗទុកជាមុន » ។
តារាចម្រៀងលោក ខេមរៈ សិរីមន្ត បានបញ្ចេញសារបែបនេះបន្ទាប់តារាចម្រៀង រ៉េប ខ្មែរមួយជីវិត បានចេញសារជាផ្លូវការនៅលើ ហ្វេសបុក របស់ខ្លួនដែលមានឈ្មោះថា ឡេង តារា ហៅ ខ្មែរ មួយជីវិត ដោយរៀបរាប់ថា ៖ « ជាដំបូង ខ្ញុំសូមសរសើរដល់បងប្រុស Khmer Real ចំពោះការរាប់អានហើយក៏ធ្លាប់ធ្វើការជាមួយគ្នាកន្លងមក បងក៏យល់ពីខ្ញុំច្រើន ហើយបងតែងតែឈរនៅកណ្តាលបានសម្របសម្រួលការយល់ច្រឡំ មួយចំនួន និយាយទៅ ទោះខ្ញុំមានចេតនាល្អក៏ដោយ តែការប្រើពាក្យសម្តីរបស់ខ្ញុំមិនបានល្អឥតខ្ចោះនោះទេ… ខ្ញុំទទួលស្គាល់ថាការប្រើក្រៀមភាសារបស់ខ្ញុំក្នុង Podcastមួយ ដែលគ្មានការព្រៀងទុក វាអាចនឹងប៉ះពាល់ផ្លូវអារម្មណ៍ដល់បុគ្គលជាច្រើន។ ក្រៅពីការិះគន់ក្នុងន័យស្ថាបនា ចេញពីរូបភាពជា big fan ម្នាក់ ចំពោះ Idolsទាំងពីរ គឺ គ្មានគោលបំណងឆ្គាំឆ្គងទៅកាន់រៀមច្បង ខេមរៈ សេរីមន្តនិង រៀមច្បង ព្រាប សុវត្តិ ឡើយ បើសិនជាប៉ះពាល់ដល់ផ្លូវអារម្មណ៍និងកិត្តិយសយ៉ាងណានោះ ប្អូនសុំការអាធ្យាស្រ័យពីររៀមច្បងទាំងពីរផងចុះ ដោយក្តីស្រលាញ់និងគោរព សង្ឃឹមថាបងប្អូនទាំងអស់យល់ពីខ្ញុំដូចគ្នា ខ្ញុំក៏សូមបញ្ចប់បញ្ហាដោយត្រឹមនេះ ខ្ញុំនៅតែមានឆន្ទៈប្រកាន់គោលជំហរលើវិស័យតន្ត្រី Hip Hop ជាមួយរសជាតិរបស់ខ្ញុំដូចដើម ពីខ្ញុំបាទ Khmer1Jivit» ។
ក្រឡេកមកមើលតារាចម្រៀង ខេម វិញ ក៏បានសាទរ និងនិយាយទៅកាន់អ្នកគាំទ្ររបស់ខ្លួនផងដែរថា « ជាបងជាប្អូន ពួកយើងជាសិល្បករដូចគ្នា ខ្មែរតែមួយដូចគ្នា រួមគ្នាអភិវឌ្ឍន៍ សាមគ្គីភាព ជាតិសាសន៍យើងតែមួយ ឱបក្តីស្រឡាញ់ ឱបក្តីស្រមៃ ដើម្បីសិល្បៈ ខ្មែរ ដើរទៅមុខបន្តប្រកួតប្រជែងលើឆាកអន្តរជាតិ » ៕