ថ្មីៗនេះមានរឿងរ៉ាវជាច្រើនថាបានកើតឡើងចំពោះគូស្នេហ៍សិល្បៈ ឆឹម សក្កដា និង ពេជ្រ សោភា រហូតមានព័ត៌មានថា អ្នកទាំងពីរសម្រេចចិត្តបែបផ្លូវគ្នាដោយសារមានអ្នកទី ៣ ។ មកទល់ពេលនេះចំណងស្នេហ៍អ្នកទាំងពីរនៅតែមានមន្ទិលសង្ស័យ ។
កាលពីឆ្នាំមុន លោក ឆឹម សក្កដា និង ពេជ្រ សោភា ប្រកាសថា នឹងរៀបការនៅឆ្នាំ ២០២៤ ប៉ុន្តែជួបជាមួយលោក ឆឹម សក្កដា កាលពីពេលថ្មីៗនេះ ស្រាប់តែលោកប្រកាសថា ខ្លួននិង ពេជ្រ សោភា ប្រហែលជារៀបចំពិធីមង្គលការនិងគ្នានៅបំណាច់ឆ្នាំ ២០២៥ ទៅវិញ ដោយសារតែពេលនេះលោកទទួលគម្រោងការងារធំៗច្រើននៅក្រៅប្រទេស ។
លោក ឆឹម សក្កដា បានបញ្ជាក់បន្ថែមទៀតថា ចំពោះរឿងរ៉ាវដែលថា លោក និង ពេជ្រ សោភា ដែលជាគូដណ្តឹងបែកផ្លូវគ្នា ព្រោះមានអ្នកទី ៣ នោះ គឺជារឿងមិនពិតឡើយ រវាងលោកនិង ពេជ្រ សោភា នៅតែមានទំនាក់ទំនងល្អ គ្រាន់តែមួយរយៈពេលចុងក្រោយនេះលោករវល់និងការងារ មិនសូវមានពេលវេលាជួបមុខគ្នា ទើបធ្វើឱ្យមានរឿងរ៉ាវបែបនេះកើតឡើង ។ តែទោះជាយ៉ាងណារឿងទាំងនេះបានសម្រួល និង និយាយគ្នាចប់សព្វគ្រប់ហើយ ។
លោក ឆឹម សក្កដា នៅតែរំពឹងថា មង្គលការរបស់ខ្លួននិង ពេជ្រ សោភា នៅតែកើតឡើង ពីព្រោះលោកបានស្រឡាញ់គ្នាជាមួយ ពេជ្រ សោភា ច្រើនហើយ ទោះជួបឧបសគ្គយ៉ាងណា លោកនិងតស៊ូជំនះឆ្លងឱ្យផុត ។
ថ្វីដ្បិតតែលោក ឆឹម សក្កដា អះអាងបែបនេះក្តី មកទល់ពេលនេះចំណងស្នេហ៍លោក និង ពេជ្រ សោភា នៅតែមានមន្ទិលសង្ស័យជាច្រើនដែលធ្វើឱ្យមហាជនពិបាកជឿថា អ្នកទាំងពីរអាចដឹកដៃគ្នាចូលរោងការបានឬយ៉ាងណា ? ៕