តារាកំប្លែង យាយយ៉យ កាត់បន្ថយការច្រៀងអាយ៉ៃ មកថតរឿងខ្នាតខ្លីបែបកំប្លែងជាមួយកូនប្រុសដើម្បីបានប្រាក់ចំណូល ! 

ដោយសារតែទីផ្សារចម្រៀង អាយ៉ៃឆ្លើយឆ្លងកាន់តែស្ងប់ស្ងាត់ បានធ្វើឱ្យតារាកំប្លែងជើងចាស់ យាយយ៉យ ងាកមកចាប់អាជីពថតរឿងខ្លីកំប្លែងៗជាមួយកូនប្រុសរបស់ខ្លួន ដើម្បីបង្កើនប្រាក់ចំណូល ។ 

មួយរយៈពេលចុងក្រោយនេះតារាកំប្លែង យាយយ៉យ ចាប់ផ្តើមលេចមុខខ្លាំងនៅក្នុងរឿងកំប្លែងខ្លីៗជាមួយ នាយ ព្រែក ដែលត្រូវជាកូនប្រុស ជាពិសេសពេលដែលចាប់ផ្តើមថតរឿងបែបនេះ មានទស្សនិកជនជាច្រើនចាប់អារម្មណ៍គាំទ្រស្នាដៃ យាយយ៉យ និង សំណូមពរឱ្យ យាយយ៉យ ថតរឿងកំប្លែងទាំងនោះឱ្យបានច្រើន ។ 

តារាកំប្លែង យាយយ៉យ បានទទួលស្គាល់ថា មួយរយៈពេលចុងក្រោយនេះអ្នកស្រីពិតជាផ្អាកពីអាជីពចម្រៀង អាយ៉ៃ យ៉ាងពិតប្រាកដមែន ពីព្រោះអាជីពនេះ មិនសូវមានការគាំទ្រដូចមុនទេ ហើយប្រាក់ចំណូលក៏រកមិនបានច្រើនដែរ ដូច្នេះហើយទើបអ្នកស្រីត្រូវរិះរកអ្វីដែលថ្មី ហើយប្លែក ដើម្បីបំរើអារម្មណ៍ទស្សនិកជន ហេតុដូច្នេះហើយទើបអ្នកស្រីសម្រេចចូលថតរឿងកំប្លែង និង អប់រំខ្លីៗជាមួយកូនប្រុស ។ 

រាល់ពេលចេញថតកំប្លែងម្តងៗ យាយ៉យ បានតុបតែងខ្លួនយ៉ាងស្រស់ស្អាត មើលទៅក្មេងជាងវ័យ មិនថាការតុបតែងខ្លួន ផាត់មុខ ធ្វើសក និង ស្លៀកពាក់ មើលទៅពិតជាទាក់ទាញខ្លាំង ។ យាយយ៉យ បានប្រាប់ថា « ខ្ញុំចូលចិត្តសក់ការ៉េខ្លីប្រាស្មា មើលទៅស្អាតហើយ ក្មេង នរណាក៏សរសើរដែរ នេះជាម៉ូដសក់ហុងស៊ុយសម្រាប់ខ្ញុំថតរឿងខ្លីបែបកំប្លែង តែមានពេលខ្លះខ្ញុំក៏ពាក់សក់នេះទៅចូលរួមកម្មវិធីផ្សេងៗដែរ » ។ 

យាយយ៉យ ក៏មានបំណងប្រាថ្នាធំមួយទៀត គឺចង់ឃើញ នាយ ព្រែក ដែលជាកូនប្រុសរៀបការឆាប់ៗ ប៉ុន្តែចំពោះរឿងនេះ នាយ ព្រែក នៅតែពុំទាន់គិតគូនៅឡើយទេ បើទោះបីជាទំនាក់ទំនងលោក និង កញ្ញា ឈិន មុន្នីនាថ កាន់តែផ្អែមល្ហែម និងគ្នាខ្លាំងយ៉ាងណាក្តី ៕