ស្គាល់គ្នាជាង៣ខែ បែកធ្លាយ តារាចម្រៀង ពូ និង កញ្ញា ហ៊ិន លីដា បង្កាត់ភ្លើងស្នេហ៍ក្នុងទ្រនុំតែមួយ 

បន្ទាប់ពីឃើញវត្តមានតារាចម្រៀង ពូ និង កញ្ញា ហ៊ិន លីដា ចេញបទចម្រៀងរួមគ្នាជាបន្តបន្ទាប់ ស្រាប់តែថ្មីៗនេះ បែកធ្លាយថា តារាចម្រៀងទាំងពីរដួងនេះ កំពុងបង្កាត់ភ្លើងស្នេហ៍ក្នុងទ្រនុំតែមួយ សូម្បីតែតារាចម្រៀងរួមក្រុមក៏មានការភ្ញាក់ផ្អើលចំពោះរឿងនេះផងដែរ ក្រោយពីឃើញអ្នកទាំងពីរមានការស្និទ្ធស្នាលនិងគ្នា ខុសប្រក្រតី  ។ 

កញ្ញា ហ៊ិន លីដា និង តារាចម្រៀង ពូ បានចេញបទចម្រៀងរួមគ្នាជាច្រើនបទមកហើយ ជាពិសេសបទចម្រៀងក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌកាលពីឆ្នាំ ២០២៣ ដូចជាបទ « បងអង្កាលចូលស្តី » « បងជូនអូនទៅ » និងបទចម្រៀងផ្សេងៗជាច្រើនទៀត…។  

ក្រោយចេញបទចម្រៀងញឹកញាប់រួមគ្នា ស្រាប់តែឃើញតារាចម្រៀង ពូ និង កញ្ញា ហ៊ិន លីដា ស្និទ្ធស្នាលគ្នាខុសប្លែកពីធម្មតា មិនតែប៉ុណ្ណោះពេលទៅចូលរួមកម្មវិធីផ្សេងៗ កញ្ញា ហ៊ិន លីដា និងតារាចម្រៀង ពូ តែងតែទៅជាមួយគ្នាគ្រប់ពេលវេលា ហើយលោក ពូ តែងតែបង្ហាញនូវក្តីបារម្ភ និងយកចិត្តទុកដាក់លើកញ្ញា ហ៊ិន លីដា ដូច្នេះហើយទើបចុងក្រោយនេះ មានលេចលឺព័ត៌មានថា តារាចម្រៀងមួយគូនេះ កំពុងតែបង្កាត់ភ្លើងស្នេហ៍ក្នុងទ្រនុំតែមួយ ។ 

បើតាមប្រភពព័ត៌មានពីអ្នកស្និទ្ធស្នាលជាមួយ ហ៊ិន លីដា បានលួចខ្សិបប្រាប់ថា តារាចម្រៀង ពូ និង ហ៊ិន លីដា ពិតជាស្រឡាញ់គ្នាយ៉ាងពិតប្រាកដមែន អ្នកទាំងពីរថែមទាំងកំពុងសន្សំលុយ ដើម្បីគិតគូពីរឿងអនាគតផងដែរ ។ 

ទន្ទឹមនិងការបែកធ្លាយព័ត៌មាននេះ អ្នកគាំទ្រជាច្រើនដែលស្នេហាវិស័យចម្រៀង បានផ្ញើសារអបអរសាទរកញ្ញា ហ៊ិន លីដា និងលោក ពូ ឱ្យឆាប់មានដំណឹងល្អ ។ ថ្វីដ្បិតតែមានព័ត៌មានបែបនេះក្តី សម្រាប់តារាចម្រៀង ពូ និង កញ្ញា ហ៊ិន លីដា នៅពុំទាន់ចេញមុខបកស្រាយការពិតនៅឡើយទេ ដោយសារអ្នកទាំងពីរនាក់ជាប់រវល់រៀងៗខ្លួន ៕