ទីបំផុតតារាសម្តែងមេម៉ាយកូន ១ លី ម៉ារីណា រកពេលវេលាល្អដើម្បីរៀបមង្គលការជាលើកទី ៣ របស់ខ្លួនឃើញហើយ បើគ្មានអ្វីប្រែប្រួលមង្គលការរបស់នាងនឹងរៀបចំឡើងនៅថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០២៤ នេះហើយ នៅមជ្ឍមណ្ឌល OCIC ។
តារាសាច់សខ្ចីវ័យ ៤២ ឆ្នាំ លី ម៉ារីណា កំពុងមមាញឹកនៅក្នុងការដើរចែកធៀបការអញ្ជើញមិត្តសិល្បករចូលរួមអបអរសាទរ ដើម្បីធ្វើជាសាក្សីដល់រូបនាងនិងលោក ទៀង ច័ន្ទសារ ។ បើតាមគម្រោងពិធីមង្គលការរបស់ លី ម៉ារីណា នឹងរៀបចំឡើងយ៉ាងធំដុំទៅតាមប្រពៃណី បើទោះបីជាកន្លងមកនាងធ្លាប់រៀបចំពិធីមង្គលការចំនួន ២ លើកមកហើយក្តី តែនាងមិនចោលប្រពៃណីឡើយ ។
លី ម៉ារីណា បានប្រាប់ថា មង្គលការរបស់នាងនឹងរៀបចំឡើងនៅថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០២៤ នេះ នាងសង្ឃឹមថា មង្គលការលើកទី ៣ របស់ខ្លួននឹងរឹងមាំ មិនផុយស្រួលដូចជាស្នេហាមុនៗ ។
លី ម៉ារីណា ទើបតែចាប់ផ្តើមបង្ហាញពីទំនាក់ទំនងស្នេហារបស់ខ្លួនបានមិនដល់មួយឆ្នាំផង ប៉ុន្តែនាងសម្រេចចិត្តដឹកដៃគូស្នេហ៍ចូលរោងការ បន្ទាប់ពីមើលឃើញថា លោក ទៀង ច័ន្ទសារ មានចំណុចល្អៗ ជាច្រើន ដែលអាចឱ្យនាងផ្ញើវាសនាបាន ៕