ជប៉ុន កំពុងរងគ្រោះរញ្ជួយដី ស្រាប់តែតារាចម្រៀង ខេមរៈ សិរីមន្ត នាំកូនប្រុសទៅដើរកម្សាន្តនៅទីនោះធ្វើឱ្យអ្នកគាំទ្រមានការព្រួយបារម្ភ 

គ្រាន់តែតារាចម្រៀង ខេមរៈ សិរីមន្ត បង្ហោះរូបភាពមួយសន្លឹកជាមួយនិងកូនប្រុសបណ្តូលចិត្តរបស់ខ្លួននៅទឹកដីប្រទេស ជប៉ុន ស្រាប់តែធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការព្រួយបារម្ភ ពីព្រោះនៅទីនោះកំពុងជួបគ្រោះរញ្ជួយដី ។

នៅថ្ងៃឆ្លងឆ្នាំសកលនេះតារាចម្រៀងលោក ខេមរៈ សិរីមន្ត មិនបាននាំគ្រួសារ និងកូនៗដើរកម្សាន្តទេ ដោយសារលោកជាប់រវល់ការងារសម្តែង ដូច្នេះហើយលោកប៉ះប៉ូវដល់កូននៅដើមឆ្នាំវិញ ជាក់ស្តែងគ្រាន់តែចប់ភ្លាមតារាចម្រៀង ខេមរៈ សិរីមន្ត បាននាំកូនចេញទៅដើរកម្សាន្តនៅប្រទេស ជប៉ុន ។ តាមរយៈរូបភាពមួយសន្លឹក អមជាមួយសារខ្លីកាលពីព្រឹកមិញនេះតារាចម្រៀង ខេមរៈ សិរីមន្ត បានរៀបរាប់ថា « ចប់ការងារភ្លាម នេះជាកាតព្វកិច្ចជាឪពុក ត្រូវជូនកូនវិសមកាល « ជប៉ុន »» ។ 

ទន្ទឹមនិងការបង្ហោះសារនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការព្រួយបារម្ភពីសុវត្ថិភាពតារាចម្រៀងរូបនេះនិងកូនប្រុស ពីព្រោះនៅប្រទេស ជប៉ុន កំពុងជួបគ្រោះរញ្ជួយដី ប្រជាជននៅទីនោះកំពុងមានការព្រួយបារម្ភពីសុវត្ថិភាពរបស់ពួកគេគ្រប់ៗគ្នា ។ 

បន្ទាប់ពីឃើញអ្នកគាំទ្រព្រួយបារម្ភបែបនេះ តារាចម្រៀងលោក ខេមរៈ សិរីមន្ត បានឆ្លើយតបទៅកាន់អ្នកគាំទ្រខ្លួនថា « ឥឡូវខ្ញុំកំពុងគេចកន្លែងរញ្ជួយដី ដើរលេងតែកន្លែងផ្សេងៗដែលគ្មានរញ្ជួយដី » ។ 

គួររំលឹកផងដែរថា នៅបំណាច់ឆ្នាំ ២០២៣ កន្លងមកនេះតារាចម្រៀងលោក ខេមរៈ សិរីមន្ត ពិតជាផ្ទុះខ្លាំងនៅក្នុងបទចម្រៀង « Call Me Papa »​ ទាំងបណ្តាញសង្គម ហ្វេសប៊ុក យូធូប និង តិកតុក ជាដើម… រហូតខាងផលិតកម្ម Galaxy Navatra បានផលិតជា MV ចម្រៀងថ្មីមួយដ៏ទាក់ទាញពីសំណាក់មហាជនទាំងក្នុងនិងក្រៅប្រទេស  ៕