ធ្លាប់តែជាតារាសម្តែងបែបស្រុកស្រែចំការ សុភាពរាបសារ មិនហ៊ានបញ្ចេញសាច់ ស្រាប់តែពេលនេះ កញ្ញា វរ លិក ដាច់ចិត្តស្លៀកពាក់សិចស៊ីចូលរួមប្រកួតនៅក្នុងកម្មវិធី Miss Grand Cambodia 2024 ដែលធ្វើឱ្យមហាជនបើកភ្នែកធំៗមើលនាងគ្រប់ៗគ្នា ។
តាមរយៈរូបភាពជាច្រើនសន្លឹកនេះ កញ្ញា វរ លិក ពិតជាស្រស់ស្អាតប្លែកជាងពេលមុន មើលទៅនាងកាន់តែមានការជឿជាក់ខ្លាំងលើខ្លួនឯង សូម្បីតែមិត្តភក្តិដែលស្និទ្ធស្នាលជាមួយនាង ម្នាក់ៗមានការភ្ញាក់ផ្អើលផងដែរ នៅពេលដែលឃើញស្ថាប័ន Miss Grand Cambodia ប្រកាសជាផ្លូវការថា វរ លិក ជាបេក្ខភាពតំណាងឱ្យ ខណ្ឌ ជ្រោយចង្វារ ។
កញ្ញា វរ លិក បាននិយាយទៅកាន់អ្នកគាំទ្ររបស់ខ្លួនថា ពេលនេះនាងក្លាយទៅជាបេក្ខភាពតំណាង ខណ្ឌ ជ្រោយចង្វារ ហើយ សូមពុកម៉ែបងប្អូនជួយគាំទ្រផង ។
ឆ្នាំនេះ កញ្ញា វរ លិក មានវ័យ ២៣ ឆ្នាំ កន្លងមកនាងធ្លាប់លេចមុខនៅក្នុងរឿងភាគ និងរឿងដុំជាច្រើន ទោះបីជានាងមិនមែនជាតារាសម្តែងសិចស៊ី លេចធ្លោខ្លាំង ប៉ុន្តែនាងមានទេពកោសល្យសម្តែងល្អ រហូតត្រូវបានបណ្តាផលិតកម្មជាច្រើនពេញចិត្តហៅនាងថតជាបន្តបន្ទាប់ ។
កញ្ញា វរ លិក បានប្រាប់ផងដែរថា ពេលនេះក្មេងស្រីសុភាពរាបសារ និងមិនធ្លាប់និយាយច្រើនពីមុននោះគឺបានផ្លាស់ប្តូរហើយ ពីព្រោះនាងចង់តាមរកក្តីស្រមៃធំរបស់ខ្លួន មិនថា ត្រូវសម្តែង ឬ ស្លៀកពាក់សិចស៊ីនោះទេ គឺនាងហ៊ានធ្វើទាំងអស់ ហើយថែមទាំងតាំងចិត្តថា នឹងធ្វើឱ្យបានល្អបំផុត ដើម្បី ដណ្តើមមកុដណាមួយពីកម្មវិធី Miss Grand Cambodia 2024 ៕