ជារៀងរាល់ឆ្នាំអ្នកលក់អនឡាញល្បីឈ្មោះមេម៉ាយកូនមួយ ដេនី ក្វាន់ តែងតែហោះទៅកែសម្ផស្សនៅក្រៅប្រទេស ដោយមិនខ្វល់ពីការរិះគន់ ជាក់ស្តែងថ្មីៗនេះ នាងបានបង្ហាញមុខមាត់ថ្មី បន្ទាប់ពីសំងំកែសម្ផស្សអស់ពេលជាង ៧ ខែ ។ មើលទៅមុខមាត់ថ្មីរបស់ ដេនី ក្វាន់ កាន់តែស្អាតប្លែកជាងពេលមុនទៅទៀត ។
កន្លងមក ដេនី ក្វាន់ ធ្លាប់បាននិយាយថា នៅពេលដែលនាងខូចចិត្តរឿងស្នេហា នាងនឹងទៅហាងកែសម្ផស្សដើម្បីផ្លាស់ប្តូរមុខមាត់ថ្មី ។ ពេលនេះក៏មិនខុសពីពេលមុនៗដែរ ដេនី ក្បាន់ បានបែកជាមួយស្វាមីខ្លួនជិតមួយឆ្នាំហើយ បន្ទាប់ពីនាងសម្រាលបានកូនស្រីដ៏គួរឱ្យស្រឡាញ់ម្នាក់ ។
ដេនី ក្វាន់ បានបង្ហោះរូប ព្រមទាំងសរសេរសារនៅលើហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី ២៥ ខែ ធ្នូ កន្លងមកនេះថា « មុខថ្មីរបស់ខ្ញុំក្រោយកែសម្ផស្សហើយ 7 ខែ អ្នកណាមើលងាយថាខ្ញុំមិនស្អាតខ្ញុំមិនខ្វល់ទេ សំខាន់ខ្ញុំមើលមកខ្លួនខ្ញុំស្អាត » ។
បន្ទាប់ពីឃើញមុខមាត់ថ្មីរបស់ ដេនី ក្វាន់ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនលាន់មាត់សរសើរថា ដេនី ក្វាន់ ស្រស់ស្អាតជាងពេលមុនទៅទៀត ។
ថ្វីដ្បិតតែពេលនេះ ដេនី ក្វាន់ មានឈ្មោះជាមេម៉ាយកូនមួយ ប៉ុន្តែនិយាយពីសម្រស់វិញ នាងកាន់តែស្រស់ស្អាតតាមបែបសម័យទំនើប នាងមិនខ្វល់ក្នុងការរស់នៅមានឈ្មោះជាស្រ្តីមេម៉ាយឡើយ ដោយសារនាងមានមុខរបររកស៊ីជាច្រើននៅក្នុងដៃ មិនថាលុយកាក់ ទ្រព្យសម្បត្តិ ផ្ទះសំបែង ឬ រថយន្ត គឺនាងមានសព្វគ្រប់ ជីវិតនាងគឺរស់នៅសុខស្រួល មិនជួបនូវការលំបាកឡើយ ៕