កញ្ញា ខាត់ សួស្តី សម្រុកចេញបទចម្រៀងថ្មីៗនៅក្នុងផលិតកម្ម Galaxy Navatra

ទើបតែល្បីក្នុងបទចម្រៀងមនោរសញ្ចេតនា « ស្នាមមេដៃ » មិនបានប៉ុន្មានផង ស្រាប់តែពេលនេះ ខាត់ សួស្តី បានចេញបទចម្រៀងថ្មីមួយទៀតដែលមានចំណងជើងថា « ពុករលើងគល់ » ជាបទចម្រៀងបែបស្រុកស្រែចំការ ស្តាប់ហើយពិតជាស្លុងអារម្មណ៍តាម ។ 

MV ចម្រៀង « ពុករលើងគល់ » ពិតជាទាក់ទាញខ្លាំងណាស់ ជាពិសេសក្នុងបទចម្រៀងមួយបទនេះ គឺច្រៀងរៀបរាប់ពីស្នេហា កាលនៅគ្រាក្របងល្អណាស់ គ្រាន់តែស្គាល់គេអ្នកមាន បងប្តូរចរិតថ្មី ភ្លេចចំណងស្នេហ៍ចាស់អស់ ។ មិនតែប៉ុណ្ណោះបទចម្រៀងមួយបទនេះគឺជាស្នាដៃនិពន្ធទំនុកច្រៀងដោយលោក ខេមរៈ ភារុណ ផងដែរ ។ 

ខាត់ សួស្តី បានចូលច្រៀងនៅក្នុងផលិតកម្ម Galaxy Navatra ច្រើនខែមកហើយ បទចម្រៀងរបស់នាងភាគច្រើន គឺជាបទចម្រៀងបែបស្រុក សមទៅនិងចរិត និង សម្លេងរបស់នាង ។

ថ្វីដ្បិតតែចូលច្រៀងនៅទីនោះត្រឹមតែពេលខ្លី ប៉ុន្តែ ខាត់ សួស្តី បានចេញបទចម្រៀងថ្មីៗជាហូរហែដើម្បីតម្រូវតាមទីផ្សារ លើសពីនេះទៅទៀតនាងក៏ចាប់ផ្តើមលេចមុខនៅក្នុងកម្មវិធីប្រគំតន្រ្តីធំៗមួយចំនួនផងដែរ  ។ 

ទន្ទឹមនឹងការចូលច្រៀងនៅក្នុងផលិតកម្ម ខាត់ សួស្តី នៅតែបន្តច្រៀងការនៅតាមរោងការដូចមុនដដែល ពីព្រោះនាងជាតារាចម្រៀងបុរាណដ៏មានទេពកោសល្យ ពីព្រោះនាងកើតក្នុងត្រកូលអ្នកសិល្បៈពិតៗ ។ ខាត់ សួស្តី បាននិយាយថា នាងពិតជារីករាយណាស់ដែលបានក្លាយទៅជាតារាចម្រៀងនៅក្នុងផលិតកម្ម Galaxy Navatra ។ សូមពុកម៉ែបងប្អូនចូលរួមគាំទ្របទចម្រៀងថ្មីៗរបស់នាងឱ្យបានច្រើនផង ។

តោះទៅទស្សនា MV ចម្រៀង « ពុករលើងគល់ » របស់តារាចម្រៀង ខាត់ សួស្តី ទាំងអស់គ្នា ៕