តារាសម្តែងវ័យក្មេង ម៉ូនី វិជ្ជរ៉ា កំពុងឈោងចាប់អាជីពច្រៀង និង រាំ ពង្រឹងស្នាដៃក្នុងសិល្បៈ

តារាសម្តែងវ័យក្មេង ម៉ូនី វិជ្ជរ៉ា កំពុងធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីនាងបានបញ្ចេញសមត្ថភាពថ្មីតាមរយៈការ ច្រៀង និង រាំ ជូនទស្សនិកជនទស្សនាកម្សាន្តអារម្មណ៍ កាលពីចុងសប្តាហ៍កន្លងមកនេះ ។ សម្រាប់អាជីពទាំង ២ នេះ ម៉ូនី វិជ្ជរ៉ា ទើបតែចាប់ផ្តើមកាលពីពេលថ្មីៗនេះប៉ុណ្ណោះ ។ 

កញ្ញា ម៉ូនី វិជ្ជរ៉ា គឺជាតារាសម្តែងដ៏មានប្រជាប្រិយភាពម្នាក់ដែលធ្លាប់លេចមុខក្នុងរឿងភាគជាច្រើន មិនថារឿងសម័យ ឬ រឿងបុរាណ នៅក្នុងទូរទស្សន៍ ភីអិនអិន ។ ចុងក្រោយនេះ ម៉ូនី វិជ្ជរ៉ា បានផ្លាស់ប្តូរខ្លួនឯងពីតារាសម្តែងស្រគត់ស្រគំ មកជាតារាចម្រៀងវិញម្តង ដើម្បីទាញប្រជាប្រិយភាពរបស់ខ្លួនឱ្យកាន់តែខ្លាំងឡើង ។ 

កញ្ញា ម៉ូនី វិជ្ជរ៉ា បានរៀបរាប់ប្រាប់ថា មិនថាអាជីពសម្តែង ឬអាជីពចម្រៀង គឺនាងស្រឡាញ់ដូចគ្នា គ្រាន់តែកន្លងមក នាងមានឱកាសលេចមុខតែខាងការងារសម្តែង ទើបចុងក្រោយនេះនាងខំប្រឹង ហ្វឹតហាត់រៀនផ្នែកចម្រៀង និង រាំ បន្ថែមទៀត ដើម្បីទទួលបានការងារថ្មីៗដែលខ្លួនស្រឡាញ់ ថ្វីដ្បិតតែពេលនេះនាងមិនទាន់ក្លាយទៅជាតារាចម្រៀងអាជីព ប៉ុន្តែនាងរំពឹងថា ទៅថ្ងៃអនាគត នាងនឹងក្លាយទៅជាតារាចម្រៀងអាជីពដ៏ល្បីឈ្មោះ ដូចជាបងបង ឬប្អូនៗជំនាន់ក្រោយដែរ ។

បើតាមស្តាប់តារាស្រី ម៉ូនី វិជ្ជរ៉ា បានច្រៀងនាពេលកន្លងមកនេះ គឺទទួលបានការគាំទ្រច្រើនពីទស្សនិកជនផងដែរ ដោយម្នាក់ៗបានផ្ញើសារផ្តល់កម្លាំងចិត្តដល់ ម៉ូនី វិជ្ជរ៉ា ឱ្យប្រឹងប្រែងបន្ថែមទៀតក្នុងអាជីពថ្មី ហើយពួកគេរងចាំគាំទ្របទចម្រៀងថ្មីៗរបស់នាងដែលត្រៀមនឹងវាយលុកទីផ្សារក្នុងពេលឆាប់ៗខាងមុខ ៕