មិនត្រឹមតែមានឈ្មោះជាតារាសម្តែងល្បីឈ្មោះដែលតែងតែណែនាំរឿងល្អៗ និង បង្កើតអ្វីដែលរីករាយទៅកាន់មហាជនប៉ុណ្ណោះតែតារាសម្តែង សិទ្ធី នីកា និង ម៉ូនី វិជ្ជរ៉ា ក៏តែងតែលេចមុខក្នុងការងារសង្គម ជាពិសេសថ្មីៗនេះអ្នកទាំងពីរបានចូលរួមចំណែកផ្សព្វផ្សាយក្នុងការអានសៀវភៅ ដើម្បីបង្កើនចំណេះដឹងផងដែរ ។
វត្តមានរបស់តារាស្រី សិទ្ធី នីកា និង ម៉ូនី វិជ្ជរ៉ា កាលពីប៉ុន្មានថ្ងៃមុននៅក្នុងស្តង់ពិព័រណ៌សៀវភៅលើកទី១០ ដែលរៀបចំឡើងនៅ កោះពេជ្រ បានធ្វើឱ្យមកហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារអ្នកទាំងពីរបានបង្ហាញនូវភាពរួសរាយ រាក់ទាក់ មិនប្រកាន់ខ្លួន ក៏ដូចជាបង្ហាញនូវក្តីស្រឡាញ់ចំពោះអ្នកគាំទ្រ ជាពិសេសគឺអ្នកទាំងពីរបានចូលរួមផ្សព្វផ្សាយ ពីការអានសៀវភៅ ល្អៗទៅកាន់យុវវជនជំនាន់ក្រោយ ក៏ដូចជាអ្នកដែលចូលចិត្តអានសៀវភៅ ។
សម្រាប់តារាស្រីអ្នកនាង សិទ្ធី នីកា បានប្រាប់ថា នាងពិតជាសប្បាយរីករាយណាស់ដែលបានចូលរួមការតាំងពីព័រណ៌ដ៏ធំប្រចាំឆ្នាំនេះ នាងសង្ឃឹមថា បងប្អូនទាំងអស់នឹងទៅចូលរួមពិព័រណ៌នេះឱ្យបានច្រើន ដើម្បីគាំទ្រស្នាដៃនិពន្ធរបស់កូន ខ្មែរ ។ ក្រឡេកទៅមើ់លកញ្ញា ម៉ូនី វិជ្ជរ៉ា វិញ ក៏មិនធម្មតាដែរ ទោះបីជាមានឈ្មោះជាតារាល្បី ប៉ុន្តែមិនចេះប្រកាន់ខ្លួន នាងថែមបានចូលរួមផ្សព្វផ្សាយពីការអានសៀវភៅទៅកាន់មហាជន ដើម្បីចូលរួមគាំទ្រស្នាដៃរបស់អ្នកនិពន្ធខ្មែរយើង ។ នេះជាលើកទី ២ ហើយដែលនាងចូលរួមការតាំងពិព័រណ៌សៀវភៅដ៏ធំប្រចាំឆ្នាំ ។
ក្រោយពីឃើញសកម្មភាពរបស់តារាស្រីទាំងពីរដួងក្នុងថ្ងៃពិព័រណ៌សៀវភៅនោះ បានធ្វើឱ្យមហាជនផ្ទុះការសរសើរយ៉ាងខ្លាំងដល់តារាស្រីទាំងពីរដួង ដែលបានជំរុញឱ្យមានការអានសៀវភៅ និងជួយគាំទ្រអ្នកនិពន្ធខ្មែរ ៕