លើកដំបូងក្នុងឆាកជីវិតកញ្ញា កុយ អេណា គ្រងឈុតបុរាណយ៉ាងស្រស់ស្អាតបន្ទាប់ពីត្រូវបានជ្រើសរើសជាក្សត្រីនាគ 

កញ្ញា កុយ អេណា ដែលជាលំដាប់រងទី ១ ក្នុងកម្មវិធី Miss Grand Cambodia 2023 បានមានវត្តមានដ៏គួរឱ្យចាប់អារម្មណ៍នៅក្នុងកម្មវិធី បុណ្យកត្តញូប្រចាំឆ្នាំ ២០២៣ ដោយនាងបានតុបតែងខ្លួនជាក្សត្រីនាគ យ៉ាងស្រស់ស្អាត បើប្រៀបធៀបទៅសិល្បករដែលមានវត្តមាននាថ្ងៃនោះ កុយ អេណា ពិតជាលេចធ្លោខ្លាំងជាងគេ ។ 

តាមរយៈរូបភាពដែលទស្សនិកជនបានឃើញស្រាប់ កញ្ញា កុយ អេណា ពិតជាស្រស់ស្អាតខ្លាំងក្នុងឈុតសម្លៀកបំពាក់បុរាណបែបនេះ ហើយនេះក៏ជាលើកដំបូងដែលនាងគ្រងឈុតបែបនេះ ។ កញ្ញា កុយ អេណា បានបង្ហាញពីចាប់អារម្មណ៍របស់ខ្លួននៅពេលដែលគ្រងឈុតសម្លៀកបំពាក់នេះថា « នាងខ្ញុំរំភើបចិត្តជាទីបំផុត ក្នុងការផ្តល់កិត្តិយសពីពិធីបុណ្យកត្តញ្ញូដ៏ធំប្រចាំឆ្នាំនេះ ក្នុងតំណែងដ៏ឧត្តុងឧត្តមគឺជាក្សត្រីនាគ ព្រះរាជវង្សនៃភុជង្គនាគីនាគា នៃបណ្តាទិសានុទិសទាំង ៨ » ។ 

ចាប់តាំងពីបញ្ចប់ការប្រកួតមក កញ្ញា កុយ អេណា មានហុងស៊ុយល្អណាស់ ព្រោះត្រូវបានបណ្តាក្រុមហ៊ុនជាច្រើនហៅថតជាហូរហែ ដូចជាកម្មវិធីបង្ហាញម៉ូដធំៗ ថតភាពយន្ត និង ថតម៉ូដជាដើម…។ 

កញ្ញា កុយ អេណា ប្រឹងប្រែងពង្រើកស្នាដៃរបស់ខ្លួនឱ្យកាន់តែខ្លាំងក្លាឡើង ដើម្បីទុកជាដើមទុនក្នុងការវិលត្រឡប់មកកាន់ឆាកបវរកញ្ញាជាថ្មីម្តងទៀតនៅឆ្នាំណាមួយ ៕