បំណងចង់ចូលរោងការក្នុងពេលឆាប់ៗរបស់តារាស្រី ហេង ចន្ថា ត្រូវបរាជ័យ បន្ទាប់ពីនាងបានចេញមុខប្រកាសជាសាធារណៈថា នាងបានបែកបាក់គូដណ្តឹង ហើយទុកបេះដូងឱ្យនៅទំនេរស្អាត ។
កន្លងមក កញ្ញា ហេង ចន្ថា ក៏ធ្លាប់ទទួលស្គាល់ផងដែរថា ចំណងស្នេហ៍នាងនិងគូដណ្តឹង ពិតជាមានរឿងរកាំរកូសនិងគ្នាយ៉ាងពិតប្រាកដ ប៉ុន្តែដើម្បីថែរក្សាស្នេហាមួយនេះ នាងចេះតែអត់អោន និងផ្សះផ្សារចំណងស្នេហ៍នោះឱ្យនៅរឹងមាំ ។ ដោយឡែកជួបជាមួយកញ្ញា ហេង ចន្ថា នៅក្នុងថ្ងៃសម្ពោធរឿង « កំពូលកូន » កាលពីពេលថ្មីៗនេះ ស្រាប់តែតារាស្រីរូបនេះប្រកាសជាសាធារណៈថា ខ្លួនបានបែកបាក់ជាមួយគូដណ្តឹងហើយ ហើយនាងក៏មិនទាន់មានអ្នកថ្មីនៅក្នុងចិត្តដែរ ។
ពេលបែកបាក់គូដណ្តឹងថ្មីៗ កញ្ញា ហេង ចន្ថា មានអារម្មណ៍ខូចចិត្តខ្លាំងណាស់ ប៉ុន្តែគ្មានជំរើស ពីព្រោះនាងមិនអាចទទួលយករឿងដែលកើតឡើងដដែលៗបានឡើយ នាងសុខចិត្តឈឺមួយគ្រា ជាងឈឺមួយជីវិត ។
ទោះបីជាបើកចំហថាខ្លួនបានបែកបាក់គូដណ្តឹងជាច្រើនខែមកហើយក្តី ប៉ុន្តែ ហេង ចន្ថា មិនបានបញ្ជាក់ប្រាប់ពីមូលហេតុច្បាស់លាស់នៃការបែកបាក់នោះទេ នាងគ្រាន់តែនិយាយយ៉ាងខ្លីថា បើអស់និស្ស័យបែកគ្នាទៅ កុំនៅនាំឈឺចាប់ ។ ចំណែកប្រភពព័ត៌មានស្និទ្ធជាមួយកញ្ញា ហេង ចន្ថា បានបង្ហើបប្រាប់ថា ហេង ចន្ថា សុំបែកពីគូដណ្តឹងពីព្រោះមានអ្នកទី ៣ ៕