ទើបតែប្រកាសថាត្រៀមថតរឿងរួមគ្នាជាលើកដំបូងមិនបានប៉ុន្មានផង ស្រាប់តែពេលនេះ Top 5 Miss Grand Cambodia 2023 បែរជានិយាយថា រឿងថតភាពយន្តគឺទុកមួយឡែកសិន ។
កាលពីពេលថ្មីៗនេះកញ្ញា ភឹម ស្រីនោ , កុយ អេណា , អ៊ិន លក្ខិណា , ស៊ូ ស្រីនីត និង កញ្ញា ម៉ែន ណងនីត ធ្លាប់បាននិយាយថា អ្នកទាំង ៥ ត្រៀមនឹងថតរឿងរួមគ្នាឱ្យផលិតកម្មមួយ បន្ទាប់ពីបានទៅបានតេស្ត និង ជួបជាមួយអ្នកដឹកនាំរឿងរួចមក ។ ដំណឹងនេះធ្វើឱ្យអ្នកគាំទ្រជាច្រើនសប្បាយចិត្ត ដោយសារម្នាក់ៗចង់ឃើញវត្តមានស្រីស្អាតទាំង ៥ រូបសម្តែងរួមគ្នាជាលើកដំបូង ។
រំលងនៃការប្រកាសមិនបានប៉ុន្មានផង ស្រាប់តែពេលនេះស្រីស្អាតទាំង ៥ រូប បែរជានិយាយថា រឿងថតភាពយន្តគឺសុំទុកមួយឡែក រងចាំមួយរយៈពេលទៀតសិន ។ ជុំវិញនៃការប្រកាសផ្អាកមិនទាន់ថតរឿងនេះ ត្រូវបានស្រីស្អាតទាំង ៥ រូប បញ្ជាក់ប្រាប់ថា គឺបណ្តាលមកពីមូលហេតុនិយាយរឿងតម្លៃខ្លួនមិនត្រូវគ្នា ។
ថ្វីដ្បិតតែនិយាយបែបនេះក្តីទាំង កញ្ញា ភឹម ស្រីនោ , កុយ អេណា និង អ៊ិន លក្ខិណា នៅតែរំពឹងថា បំណងថតរឿងជុំគ្នាជាលើកដំបូងរបស់អ្នកទាំង ៥ អាចនឹងដំណើរការក្នុងពេលឆាប់ខាងមុខ ៕