Phnom Penh Designers Week គឺជាព្រឹត្តិការណ៍ធំប្រចាំឆ្នាំក្នុង ប្រទេស កម្ពុជា ដែលប្រជុំដោយអ្នកច្នៃម៉ូដសម្លៀកបំពាក់ល្បីៗជាច្រើនរូបទាំងក្នុងនិងក្រៅប្រទេស ដោយឡែកនៅក្នុងឆ្នាំនេះ ស្រាប់តែមានវត្តមានតារាសម្តែងល្បីឈ្មោះរូបសង្ហា ខាត់ វ៉ៃហុំាង ចូលរួមជាលើកដំបូង ខណៈពេលដែលលោកកំពុងវិឌ្ឍន៍ខ្លួនពីតារាសម្តែង មកជាតារាបង្ហាញម៉ូដ ។
លោក ខាត់ វ៉ៃហុំាង បានប្រាប់ថា នេះជាលើកដំបូងហើយដែលលោកបានចូលរួមក្នុងកម្មវិធី Phnom Penh Designers Week ដែលរៀបចំឡើងនៅក្នុងប្រទេស កម្ពុជា យើង ។ ការជួបជុំនេះគឺលោកទទួលបានបទពិសោធថ្មីៗជាច្រើន ពីព្រោះបានជួបជាមួយ អ្នករចនាម៉ូដល្បីៗ មិត្តភក្តិម៉ូដែល និងបានឃើញស្នាដៃច្នៃម៉ូដសម្លៀកបំពាក់ប្រកបដោយភាពអស្ចារ្យ ។ លោកសង្ឃឹមថា ពេលក្រោយៗទៀត លោកនឹងបានចូលរួមដើរម៉ូដក្នុងព្រឹត្តិការណ៍ដ៏ធំបែបនេះ ។
ទន្ទឹមនិងការលេចមុខក្នុងកម្មវិធីនេះ លោក ខាត់ វ៉ៃហុំាង ក៏មានគម្រោងនឹងឈោងចាប់អាជីពដើរម៉ូដបន្ថែមពីលើអាជីព សម្តែង ផងដែរ ដោយសារតែលោកមានរូបរាង សង្ហា និង មានទេពកោសល្យ ខាងការដើរម៉ូដ មិនចាញ់តារាអាជីពប៉ុន្មានទេ គ្រាន់តែកន្លងមកលោកពុំមានពេលវេលាគ្រប់គ្រាន់ដើម្បីចាប់អាជីពនេះ ទើបចេះតែរំលង ។
គួរបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ ២០២៣ នេះលោក ខាត់ វ៉ៃហុំាង ទទួលបានពានរង្វាន់ធំៗជាច្រើននៅក្រៅប្រទេស ជាក់ស្តែងថ្មីៗនេះលោកទើបតែទទួលបានពានរង្វាន់ Global Leadership Summit 2023 ដែលរៀបចំឡើងនៅប្រទេស ថៃ ។ ដូច្នេះហើយទើបលោកមានគម្រោងពង្រើកស្នាដៃថ្មីនៅក្នុងវិស័យដើរម៉ូដបន្ថែមទៀត ដើម្បីទទួលការងារថ្មីៗទាំងក្នុងនិងក្រៅប្រទេស ៕