កញ្ញា ខាត់ ស្រីច័ន្ទ គឺជាពិធីការិនីល្បីឈ្មោះក្នុងកម្មវិធី Miss Grand Cambodia ដោយទទួលបានការស្រឡាញ់ ពេញចិត្តយ៉ាងច្រើនពីសំណាក់អ្នកគាំទ្រ ហើយថ្មីៗនេះនាងបានចំណាយថវិការផ្ទាល់ខ្លួនទៅទិញសិទ្ធគ្រប់គ្រង Miss Grand Cambodia 2024 ដើម្បីជ្រើសរើសបេក្ខភាពតំណាងខេត្ត កំពង់ឆ្នាំង ។ មានមូលហេតុសំខាន់ពីរដែលធ្វើឱ្យតារាស្រីរូបនេះសម្រេចចិត្តទិញសិទ្ធគ្រប់គ្រង Miss Grand Cambodia ខេត្ត កំពង់ឆ្នាំង ។
កញ្ញា ខាត់ ស្រីច័ន្ទ បានបញ្ជាក់ប្រាប់ថា មូលហេតុដែលនាងចំណាយប្រាក់ផ្ទាល់ខ្លួនទៅទិញសិទ្ធជាអ្នកគ្រប់គ្រងខេត្តបែបនេះ គឺដោយសារនាងជាមនុស្សស្រីដែលស្រឡាញ់ខាងវិស័យបវរកញ្ញា ហើយក៏ចង់ចូលរួមប្រកួតក្នុងវិស័យនេះដែរ ប៉ុន្តែនាងមិនអាចចូលរួមប្រកួតបាន ហេតុដូច្នេះហើយ ទើបនាងសម្រេចចិត្តទិញសិទ្ធនេះតែម្តងដើម្បីបណ្តុះបណ្តាលបេក្ខភាពដែលខ្លួនស្រឡាញ់ ពេញចិត្ត ។ ចំណែកមូលហេតុទីពីរនោះ គឺដោយសារនាងជាអ្នកខេត្តកំពង់ឆ្នាំង ទើបនាងជ្រើសរើសទិញយកខេត្ត កំពង់ឆ្នាំង ដែលជាទឹកដីកំណើត ។
កញ្ញា ខាត់ ស្រីច័ន្ទ បេ្តជ្ញាចិត្តថា នឹងបណ្តុះបណ្តាលបេក្ខភាពដែលខ្លួនស្រឡាញ់ឱ្យក្លាយទៅជាបវរកញ្ញាដែលល្បីឈ្មោះនៅលើឆាកជាតិ និង អន្តរជាតិ ។
ទន្ទឹមនឹងការទិញសិទ្ធនេះ កញ្ញា ខាត់ ស្រីច័ន្ទ ក៏បានផ្អាកការងារសម្តែងមួយរយៈ ដើម្បីធ្វើការងារពិធីករ និងមានពេលវេលាដើម្បីជ្រើសរើសបេក្ខភាពតំណាងខេត្ត កំពង់ឆ្នាំង ត្រៀមចូលរួមប្រកួត Miss Grand Cambodia 2024 ខាងមុខ ៕