កូនប្រុសស្រី​តារាចម្រៀង ខាត់ សុឃីម និងលោក ខាន់ ជេមស៌ ប្រលងជាប់បាក់ឌុបភ្លាម អ្នកទាំងពីរត្រៀមនឹងធ្វើរឿងនេះសម្រាប់កូនៗ ! 

សម្រាប់គ្រួសារអ្នកសិល្បៈដែលមានកូនប្រលងបាក់ឌុបក្នុងឆ្នាំនេះមានតិចតួចណាស់ ក្នុងនោះកូនប្រុសស្រីរបស់តារាចម្រៀង អ្នកនាង ខាត់ សុឃីម និង លោក ខាន់ ជេមស៌ បានប្រលងជាប់បាក់ឌុប ហើយដែលធ្វើឱ្យឪពុកម្តាយកាន់តែសប្បាយចិត្ត និងមានមោទនភាព ជាពិសេសអ្នកទាំងពីរត្រៀមនឹងជូនកាដូពិសេសសម្រាប់កូនៗពួកគេផងដែរ ។ 

អ្នកនាង ខាត់ សុឃីម និងលោក ខាន់ ជេមស៌ បានសម្តែងនូវការត្រេអរចំពោះកូនៗជាខ្លាំងនៅពេលដែលពួកគេបានប្រលងជាប់តាមបំណងប្រាថ្នា ។ អ្នកនាង ខាត់ សុឃីម បាននិយាយថា នាងពិតជាសប្បាយចិត្តណាស់នៅពេលកូនប្រុស (ស្កាយ ) បានប្រលងជាប់ នេះជាក្តីស្រមៃដែលឪពុកម្តាយគ្រប់រូបចង់ឃើញ ។ 

ទន្ទឹមនឹងបង្ហាញអារម្មណ៍រំភើបនេះ អ្នកនាង ខាត់ សុឃីម ក៏ត្រៀមនឹងជូនកាដូពិសេសដល់កូនប្រុសរបស់ខ្លួនផងដែរ ជាពិសេសកាដូធំបំផុតនោះ គឺអ្នកនាងមានបំណងនឹងបញ្ជូលកូនទៅសិក្សានៅក្រៅ ប្រទេសដូចជាទឹកដី សហរដ្ឋអាមេរិក ជាដើម ប៉ុន្តែមិនទាន់ដឹងថាបំណងប្រាថ្នានេះ នឹងក្លាយទៅជាការពិតនៅឡើយទេ មានតែរងចាំមើលទាំងអស់គ្នា ។

ដោយឡែកលោក ខាន់ ជេមស៌ វិញ ក៏មិនខុសពីអ្នកនាង ខាត់ សុឃីម ផងដែរលោក ពិតជារំភើបចិត្ត នៅពេលកូនស្រី អេមមី ទទួលបានជោគជ័យក្នុងការប្រលងបាក់ឌុបឆ្នាំនេះ ។ លោកក៏មានគម្រោងឱ្យកូនបន្តការសិក្សាថ្នាក់មហាវិទ្យាល័យទៅតាមចំណងចំណូលចិត្តរបស់កូន ។ ក្នុងនោះលោកក៏មានកាដូពិសេសសម្រាប់កូនស្រីជាទីស្រឡាញ់ផងដែរ ៕