សម្រាលកូនបានមិនទាន់បានពីរខែស្រួលបូលផង ស្រាប់តែតារាស្រីកូនកាត់ ខ្មែរ អាល្លឺម៉ង ម៉ៃយ៉ា ចេញធ្វើការងារតាមធម្មតា ទាំងខ្លួនសរសៃខ្ចី ។
កញ្ញា ម៉ៃយ៉ា បានទទួលការងារសិល្បៈឡើងវិញហើយ បន្ទាប់ពីសម្រាលកូនបានជាងមួយ ខែ ជាក់ស្តែងពេលនេះនាងទទួលការងារ សម្តែង ពិធីករ ថតសំអាង និងថតផ្សាយពាណិជ្ជកម្មឱ្យបណ្តាក្រុមហ៊ុន ធំៗជាច្រើន ដោយទទួលបានតម្លៃខ្លួនខ្ពស់ដូចពេលមុនដដែល ។
ទន្ទឹមការវិលត្រឡប់មកវិញរបស់តារាស្រីរូបនេះ ត្រូវបាន អ្នកគាំទ្រ និងមិត្តសិល្បករជាច្រើនឆ្ងល់ថា ហេតុអ្វី ម៉ៃយ៉ា ប្រញាប់មកធ្វើការលឿនបែបនេះ ? ទាំងនាងកំពុងសរសៃខ្ចី ណាមួយសុខភាពនាងមិនទាន់ល្អមួយរយភាគរយទេ ។
មើលទៅ ម៉ៃយ៉ា មិនសូវឡើងគីឡូខ្លាំងប៉ុន្មានទេ នាងនៅតែមានរូបសម្រស់ស្រស់ស្អាត និង មានរូបរាងតូចស្រឡូនដូចកាលពីមុន ដូច្នេះហើយនាងនៅតែមានទីផ្សារខ្ពស់ក្នុងការងារសិល្បៈ ។ ម៉ៃយ៉ា បានប្រាប់ថា នាងទទួលការងារឡើងវិញហើយ ព្រោះមិនចង់នៅទំនេរ ណាមួយចង់រកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារផង ។ ចំណែកសុខភាពនាង គឺល្អធម្មតា គ្រាន់តែត្រូវប្រយ័ត្ន និង ថ្នមខ្លួនបន្តិច ។
ម៉ៃយ៉ា និងគូស្នេហ៍ភេទដូចគ្នា កាន់តែមានសុភមង្គលខ្លាំងឡើង បន្ទាប់ពីទទួលបានចំណងដៃកូនស្រីម្នាក់ ពួកគេសង្ឃឹមថា កូនស្រីរូបនេះនឹងធ្វើឱ្យជីវិតស្នេហាពួកគេកាន់តែផ្អែមល្ហែមឡើង បើទោះបីជាពួកគេស្រឡាញ់ភេទដូចគ្នាក្តី ៕