មានទស្សនិកជនតិចតួចណាស់ដែលបានដឹងថា តារាស្រីពូកែខាងក្បាច់គុន ល្បុក្កតោ គឺកញ្ញា ពេជ្រ ចរណៃ មានញាណពិសេស ដែលអាចដឹងហេតុការណ៍មុនពេលកើតឡើងចំពោះនាង ។
ពេជ្រ ចរណៃ ចាប់ផ្តើមមានញាណពិសេសបែបនេះ បន្ទាប់ពីនាងបានរួចផុតពីជំងឺដែលបានវាយលុកខ្លួនប្រាណនាងកាលពីជិត ១០ ឆ្នាំមុន ដែលស្ទើរតែធ្វើឱ្យនាងបាត់បង់ជីវិត ។
ពេជ្រ ចរណៃ បានប្រាប់ថា នាងមានសំណាងណាស់ដែលអាចឆ្លងផុតនូវតំណាក់កាលដ៏លំបាកមួយនោះ ហើយនាងក៏មិនភ្លេចពីអ្នកដែលបានព្យាយាមជួយនាងកាលគ្រាលំបាកនោះដែរ ។ ចាប់តាំងពីមានរឿងនោះមក នាងចាប់ផ្តើមមានញាណពិសេស អាចដឹងរឿងរ៉ាវខ្លះៗមុននឹងកើតឡើង ដូច្នេះហើយទើបធ្វើឱ្យនាងបង្កើនការប្រុងប្រយ័ត្ន នៅពេលដែលចេញទៅណាមកណា ឬ នៅពេលដែលត្រូវធ្វើអ្វីមួយ ។
កញ្ញា ពេជ្រ ចរណៃ មានជំនឿខ្លាំងទាំងផ្លូវភ្លឺ និងផ្លូវ ងងឹត ប៉ុន្តែនាងកម្រនិងនិយាយពីរឿងនេះប្រាប់អ្នកជុំវិញខ្លួនណាស់ ពីព្រោះភាគច្រើនមិនសូវមានអ្នកជឿលើអ្វីដែលនាងនិយាយឡើយ ។
ទោះជាយ៉ាងនេះក្តី ពេជ្រ ចរណៃ នៅតែបំពេញការងារក្នុងនាមជាតារាសម្តែង និង បង្ហាត់បង្រៀនខាងគុនល្បុក្កតោ ដូចមុនដដែល ៕