ឆ្លងកាត់វគ្គសំខាន់ៗ កញ្ញា ចន សុទីម៉ា ទទួលបានការចាប់អារម្មណ៍ខ្លាំងពីប្រជាជន កម្ពុជា សូម្បីតារាលំដាប់ប្រទេស  ឱក សុគន្ធកញ្ញា បានផ្ញើសារជូនពរពីចម្ងាយ យ៉ាងកក់ក្តៅ !

ស្របពេលការប្រកួត Miss Universe 2023 បានឈានដល់វគ្គសំខាន់ៗ ចន សុទីម៉ា ទទួលបានការចាប់អារម្មណ៍ខ្លាំងពីប្រជាជន ខ្មែរ ទាំងក្នុងនិងក្រៅប្រទេស ក្នុងនោះមានសិល្បករ ខ្មែរ ជាច្រើនបានផ្ញើសារ លើកទឹកចិត្តកញ្ញា ចន សុទីម៉ា ដែលជាបេក្ខភាពតំណាងប្រទេស កម្ពុជា ចូលរួមប្រកួតនៅលើឆាកអន្តរជាតិលើកនេះ ឱ្យនាងទទួលបានជោគជ័យក្នុងការប្រកួត ជាក់ស្តែងតារាចម្រៀងលំដាប់ប្រទេស អ្នកនាង ឱក សុគន្ធកញ្ញា ក៏បានផ្ញើសារយ៉ាងកក់ក្តៅដល់បេក្ខភាពរូបនេះផងដែរ ។

តារាចម្រៀង ឱក សុគន្ធកញ្ញា បានសរសេរនៅលើហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា « JOHN SOTIMA You’re The Best  បងមានតែពាក្យមួយម៉ាត់ទេគឺ WOW PERFECT មិនមានអ្វីច្រើនទេ ប្អូនមានរូបរាង មុខមាត់ បូករួមទាំងអត្តចរិត នេះគឺជាភាពទាក់ទាញយ៉ាងពិសេស សូមឲ្យប្អូនកាន់តែទទួលបានការគាំទ្រ កុំភិតភ័យណា ធ្វើទៅតាមបែបធម្មជាតិ ដូចដែលប្អូនបានឆ្លងកាត់មកនេះចុះ កុំដាក់សម្ពាធខ្លួនឯងខ្លាំង តែមិនភ្លេចក្តីស្រម៉ៃ និង ការតាំងចិត្ត » ។

ក្រឡេកមកមើលកញ្ញា ចន សុទីម៉ា វិញពិតជាមិនធម្មតាទេ ឆ្លងកាត់វគ្គសំខាន់ៗ គឺនាងទទួលបានពិន្ទុល្អ និងផ្ទុះការចាប់អារម្មណ៍ខ្លាំងពីមហាជន និងគណកម្មការ រហូតធ្វើឱ្យនាងកាន់តែមានកម្លាំងចិត្តខ្លាំងក្នុងការប្រកួត  ។

កញ្ញា ចន សុទីម៉ា មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាត និងមានកម្ពស់ខ្ពស់ត្រូវតាមស្តង់ដារអន្តរជាតិប៉ុណ្ណោះទេ នាងថែមទាំងមានចំណងដឹង និងអាចនិយាយភាសា អង់គ្លេស បានយ៉ាងល្អ ជាពិសេសនាងមានទេពកោលស្យខាងផ្នែកសិល្បៈផងដែរ ។

អ្នកគាំទ្រទាំងក្នុងនិងក្រៅសិល្បៈ បានផ្ញើសារលើកទឹកចិត្ត និង ជូនពរ ចន សុទីម៉ា ទទួលបានលទ្ធផលល្អក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដែលនឹងរៀបចំឡើងនៅថ្ងៃទី ១៨ ខែ វិច្ឆិកា ខាងមុខនេះ។ ជូនពរកញ្ញា ចន សុទីម៉ា ទទួលបានជោគជ័យក្នុងការប្រកួតនេះ  ៕