បន្ទាប់ពីចែកផ្លូវគ្នាជាមួយពូម៉ៅ អ្នកស្រី ទ្រី ដាណា បានស្ពាយឈ្មោះជាមេម៉ាយអស់រយៈពេល២ឆ្នាំ គ្រាខ្លួនជាមេម៉ាមានកូនប្រើស្រាប់អ្នកស្រីត្រូវបានមហាជនដាក់ក្តីរំពឹងថា មានទំនាក់ទំនងស្នេហ៍ស៊ីជម្រៅជាមួយតារាសម្តែងវ័យកេ្មង សេង មង្គល រហូតតារារូបនេះក្លាយតារាតំណាងផលិតផលរបស់អ្នកស្រីទៀតផង។
យ៉ាងណា នៅទីបំផុតអ្នកបានរកអ្នកស្អំបេះដូងពិតឃើញហើយ មិនមែន សេង មង្គល គឺបុរសមានសង្ហាមិនចាញ់សេង មង្គល ប៉ុន្មានឡើយ។ កាលពីថ្ងៃទី៩វិច្ឆិកា អ្នកស្រី ទ្រី ដាណា បានដឹកដៃបុរសឈ្មោះ រស់ រាជ្ជសាល ភ្ជាប់ពាក្យនៅភូមិគ្រឹះផ្ទាល់ខ្លួននៅខណ្ឌព្រែកព្នៅ យ៉ាងអធឹកអធម។
លើទំព័រហ្វេសប៊ុកអ្នកស្រី ទ្រី ដាណា ដែលមានងារ ឧកញ៉ា ផងនោះ ក្រោយពិធីភ្ជាប់ពាក្យរួចភ្លាមចេញសារថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះភ្ញៀវកិត្តិយសទាំងអស់ ដែលមានវត្តមាននៅក្នុងថ្ងៃពិសេសរបស់អ្នកស្រីកាលម្សិលមិញនេះ។
អ្នកស្រីបានបញ្ជាក់ថា ជាការសម្រេចចិត្តមួយ សម្រាប់ភាពច្បាស់លាស់នៅថ្ងៃអនាគត ព្រោះខ្ញុំមិនចូលចិត្តទុកពេលវេលាយូរទេ ត្រូវគោរពប្រពៃណី ធ្វើតាមទំនៀមទម្លាប់។ នាងខ្ញុំក៏សូមអធ្យាស្រ័យផងដែរ សម្រាប់អ្នកមិនទាន់បានអញ្ជើញ ព្រោះខ្លាចរំខានពេលវេលា ចាំថ្ងៃមង្គលអាពាហ៍ពិពាហ៍តែម្ដង ចាំអញ្ជើញចូលរួមសប្បាយរួមគ្នា៕