ឧកញ៉ាប ព្រាប សុវត្ថិ មិនត្រឹមតែបានរៀបចំពិធីជប់លៀងដល់កីឡាករ ខ្មែរ ដែលបានឈ្នះខ្សែក្រវាត់គុនខ្មែរពិភពលោកប៉ុណ្ណោះទេ លោកថែមទាំងបានផ្តល់ថវិកាចំនួន ២ ពាន់ដុល្លារដល់កីឡាករ ខ្មែរ ផងដែរ ។ ក្រោយពីឃើញទឹកចិត្តដ៏ល្អរបស់ ឧកញ៉ា ព្រាប សុវត្ថិ បានធ្វើឱ្យបងប្អូន ខ្មែរ ទាំងក្នុងនិងក្រៅប្រទេសបានសរសើរនូវទឹកចិត្តដ៏ល្អរបស់លោក ព្រាប សុវត្ថិ គ្រប់ៗគ្នា ។
តាមរយៈរូបភាពជាច្រើនដែលទស្សនិកជនបានឃើញនាពេលនេះ គឺឧកញ៉ា ព្រាប សុវត្ថិ បាននឹងកំពុងស្ថិតនៅប្រទេស អូស្រ្តាលី ជាមួយក្រុមគ្រួសារដើម្បីចូលរួមក្នុងកម្មវិធីសម្តែងនានា ប៉ុន្តែដោយសារការ ស្រឡាញ់ និងឃើញកីឡាករ ខ្មែរ បានចេញទៅប្រកូតនៅប្រទេស អូស្រ្តាលី បានធ្វើឱ្យលោកមានការពេញចិត្តជាខ្លាំង បន្ទាប់ពី កីឡាករ អេ អាំម៉ារីនភូថង ដែលត្រូវជាកូនប្រុសរបស់លោក អេ ភូថង បានឈ្នះខ្សែក្រវាត់គុន ខ្មែរ នៅប្រទេស អូស្រ្តាលី កាលពីថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០២៣ កន្លងមកនេះ ដោយឧកញ៉ា ព្រាប សុវត្ថិ បានរៀបចំពិធីជប់លៀង និង ជូនថវិកាចំនួន ២ពាន់ដុល្លារ ដល់កីឡាករ ខ្មែរ យើងផងដែរ ជាក់ស្តែងតាមរយៈវិដេអូក្នុងបណ្តាញសង្គម Facebook,TikTok ដែលបានបង្ហោះកាលពីប៉ុន្មានម៉ោងមុននេះ គឺពិតជាធ្វើឱ្យមហាជនសរសើរនូវទឹកចិត្តរបស់លោកជាខ្លាំង ។
ថ្វីដ្បិតតែកន្លងមកកីឡាករ អេ អាំម៉ារីនភូថង មិនធ្លាប់ទទួលបានខ្សែក្រវាត់នៅក្នុងស្រុក ប៉ុន្តែលោកបែរជាអាចបំបែកកំណត់ត្រា ឈ្នះខ្សែក្រវាត់ជាលើកដំបូងរបស់ខ្លួននៅលើទឹកដីប្រទេស អូស្រ្តាលី ទៅវិញ ៕