តារាចម្រៀង ចំរើន សុភ័ក្រ្ត និងគូដណ្តឹងបានភ្ជាប់ពាក្យ និងគ្នាយូឆ្នាំមកហើយ តែរកវេលាល្អរៀបការមិនឃើញសោះ ដោយសារតែមានបញ្ហាផ្សេងៗកើតឡើង ដោយឡែកពេលនេះនាងបានកំណត់ពេលវេលាល្អដើម្បីរៀបការ និងបញ្ចប់ពាក្យចចាមអារាមទាំងអស់ ។
តារាចម្រៀង ចំរើន សុភ័ក្រ្ត និងគូដណ្តឹង កំពុងមមាញឹកនៅក្នុងការដើរចែកធៀបការ អញ្ជើញមិត្តភក្តិចូលរួមក្នុងកម្មវិធីពិសេសរបស់ខ្លួន ។ បើតាមគម្រោងពិធីមង្គលការនាងនឹងរៀបចំឡើងនៅថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ ។
ថ្វីដ្បិតតែមមាញឹកនៅក្នុងការដើរចែកធៀបការអញ្ចើញមិត្តភក្តិចូលរួមក្នុងពិធីមង្គលការរបស់ខ្លួន តែតារាចម្រៀង ចំរើន សុភ័ក្រ្ត មិនបានផ្អាកការងារចម្រៀងឡើយ ផ្ទុយទៅវិញនាងនៅតែទទួលការងារច្រៀង និងឡើងខនសឺតតាមខេត្តក្រុងដូចពេលមុនៗដដែល ។
កញ្ញា ចំរើន សុភ័ក្រ្ត កាន់តែមានទឹកមុខរីករាយពេលដែលពិធីមង្គលការកាន់តែកៀកមកដល់ នាងបានប្រាប់ថា នាងមិនចង់ទំនេរនៅផ្ទះទេ បើការងារណាអាចទទួលបាន គឺនាងទទួល ពីព្រោះចង់សល់លុយ ម្យ៉ាងវិញទៀត ទៅធ្វើការផង ជួបមិត្តភក្តិផង និងបានចែកធៀបការផង គឺពិតជាសប្បាយចិត្តណាស់ ចំណែកគូដណ្តឹងរបស់នាងវិញ ក៏មិនបានហាមឃាត់នាងចំពោះរឿងនេះដែរ ។
កញ្ញា ចំរើន សុភ័ក្រ្ត បានភ្ជាប់ពាក្យមានគូដណ្តឹងយូឆ្នាំមកហើយ ប៉ុន្តែរកពេលវេលាល្អរៀបការមិនបាន ទើបតែគុណគូរកវេលាល្អឃើញនៅក្នុងខែ វិច្ឆិកា នេះ ។ សិល្បករជាច្រើនបានផ្ញើសារជូនពរនាងគ្រប់ៗគ្នា ៕