ស៊ីន យូប៊ីន មកពីឆែកសុខភាពភ្លាម ឡើងយន្តហោះទៅ សឹង្ហបុរី ជាមួយបុរសសង្ហា នូ ឧសភា ភ្លែត 

តារាសម្តែងដ៏មានប្រជាប្រិយភាព ស៊ីន យូប៊ីន បានដឹកដៃបុរសសង្ហា នូ ឧសភា ឡើងយន្តហោះទៅប្រទេស សឹង្ហបុរី កាលពីថ្ងៃទី ៣០​ខែ តុលា នេះ បន្ទាប់ពីត្រឡប់មកពីឆែកសុខភាពនៅប្រទេសរួច ។ 

មួយរយៈពេលចុងក្រោយនេះតារាសម្តែង ស៊ីន យូប៊ីន បានហោះទៅក្រៅប្រទេសញឹកញាប់បំផុតដើម្បីចូលរួមកម្មវិធីធំៗជាច្រើនទៅតាមគម្រោងដែលបានគ្រោងទុក ជាក់ស្តែងបន្ទាប់ពីត្រឡប់មកពីប្រទេស ចិន និង ជប៉ុន វិញ នាងបានហោះទៅពិនិត្យសុខភាពភ្លាមៗនៅប្រទេស ថៃ តាមការណាត់ជួបរបស់គ្រូពេទ្យ ជាលទ្ធផល គឺរបួសជើងនាងគឺបានធូស្រាលជាងមុនច្រើន ។ 

អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ គឺនៅថ្ងៃទី ៣០ ខែ តុលា នាងស្រាប់តែដឹកដៃប្រុសស្អាត នូ ឧសភា ឡើងយន្តហោះបន្តចេញទៅក្រៅប្រទេសទៀត តើការចាកចេញរបស់តារាស្រីរូបនេះក្នុងគោលបំណងអ្វីដែរ ? 

នេះជាលើកដំបូងហើយដែលតារា ស៊ីន យូប៊ីន បណ្តើរគ្នាជាមួយបុរសសង្ហា នូ ឧសភា ចេញទៅក្រៅប្រទេសបែបនេះ ។ កញ្ញា ស៊ីន យូប៊ីន បានបញ្ជាក់ប្រាប់មុនពេលឡើងយន្តហោះទៅប្រទេស សឹង្ហបុរី ថា ការពិតការចេញទៅប្រទេស សឹង្ហបុរី ជាមួយលោក នូ ឧសភា នៅក្នុងថ្ងៃនេះគឺដើម្បីថតរឿង « ដឹកបេះដូងរកស្នេហ៍ » មិនបានទៅចូលរួមក្នុងកម្មវិធីដូចមុនៗទេ ។ នាងសង្ឃឹមថា ស្នាដៃថ្មីរបស់ខ្លួន នឹងទទួលបានការគាំទ្រពីទស្សនិកជន ។ 

កញ្ញា ស៊ីន យូប៊ីន បានទទួលស្គាល់ថា មុនពេលឡើងយន្តហោះទៅថតរឿងនេះ គឺនាងទើបតែត្រឡប់មកពីជួបគ្រូពេទ្យដើម្បី ពិនិត្យសុខភាព ពេលនេះជើងរបស់នាងបានធូស្រាលជាងមុនច្រើន ហើយអាចឈរនិងអង្គុយបានយូជាងមុន ដូច្នេះហើយទើបនាងសម្រេចចិត្ត សម្រុកថតរឿងឱ្យឆាប់ចប់ ដើម្បីកុំឱ្យមានបញ្ហា ពីព្រោះរឿងនេះបានអូសបន្លាពេលយូមកហើយ ។ 

កញ្ញា ស៊ីន យូប៊ីន ក៏មានគម្រោងការងារធំៗជាច្រើនទៀតដែលត្រូវធ្វើ និង បង្ហាញទស្សនិកជន ជាក់ស្តែងនៅក្នុងឆ្នាំ ២០២៤ ខាងមុខ នាងត្រៀមនឹងបង្ហាញស្នាដៃជាច្រើនសម្រាប់អ្នកគាំទ្រខ្លួន ៕