កញ្ញា ឌួង ហ្សូរីដា ការរៀបចំកម្មវិធីជួបជុំសិល្បករចាស់ជរាពិតជាមានសារៈសំខាន់ ! 

កញ្ញា ឌួង ហ្សូរីដា ដែលជាពិធីការិនីល្បីឈ្មោះមួយបានសរសើរពីការរៀបចំកម្មវិធីជួបជាមួយសិល្បកររៀមច្បង និង សិល្បករថ្មីចាស់ចំនួន ៥០០ នាក់ កាលពីថ្ងៃទី ២៧​ ខែ តុលា កន្លងមកនេះ ក្រោមការរៀបចំរបស់ សមាគមមិត្តសិល្បៈ ។

នេះជាលើកទី ៣ ហើយដែល សមាគមនមិត្តសិល្បៈបានរៀបចំកម្មវិធី  ពិសាអាហារសាមគ្គី ជួបជាមួយសិល្បកររៀមច្បង និងសិល្បករថ្មីចាស់ចំនួន ៥០០នាក់ ព្រមទាំងបានជូនអំណោយដល់សិល្បករចាស់ជរាដែលបានបាត់បង់សមត្ថភាពសិល្បៈ និងមានជីវភាពខ្វះខាតចំនួន ១០០ នាក់ ។

នាថ្ងៃនោះកញ្ញា ឌួង ហ្សូរីដា បាននិយាយថា ការរៀបចំកម្មវិធីជួបជុំសិល្បកររៀមច្បងពិតជាមានសារៈសំខាន់ណាស់ ក្នុងនាមនាងជាអ្នកសិល្បៈមួយរូប នាងលើកទឹកចិត្តឱ្យមានការរៀបចំកម្មវិធីបែបនេះឱ្យបានច្រើន ។

កញ្ញា ឌួង ហ្សូរីដា គឺជាពិធីការិនីល្បីឈ្មោះមួយរូបក្នុងសិល្បៈ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ នាងលេចមុខតែក្នុងកម្មវិធីថ្នាក់ជាតិ និង កម្មវិធីធំៗប៉ុណ្ណោះ ដោយសារនាងមមាញឹកនៅក្នុងការងាររកស៊ី ដូចដឹងស្រាប់ហើយថា នាងមានមុខរបរជាច្រើនត្រូវមើលខុសត្រូវ ជាពិសេសនាងត្រូវមើលការខុសត្រូវប្អូនៗជាច្រើននាក់ទៀត បន្ទាប់ពីម្តាយរបស់នាងបានចាកចេញពីនាងកាលពីពេលថ្មីៗនេះ ។ 

កញ្ញា ឌួង ហ្សូរីដា នៅតែមិនទាន់សម្រេចចិត្តរៀបការ ដោយសារតែនាងទទួលបន្ទុកធំត្រូវមើលថែទាំប្អូនៗជាទីស្រឡាញ់ ឱ្យពួកគេមានជីវភាពសមរម្យ និងមានមុខរបរគ្រប់គ្នាសិន ទើបនាងសម្រេចចិត្តរៀបការ ៕