ទីបំផុតកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន និងគូស្នេហ៍ ត្រៀមនឹងភ្ជាប់ពាក្យនៅថ្ងៃទី ២៧ ខែ តុលា ឆ្នាំ២០២៣ ស្អែកនេះហើយ ដើម្បីបញ្ចប់ពាក្យចចាមអារាមទាំងឡាយដែលបានកើតឡើងចំពោះនាងអស់ពេលជាច្រើនខែ ។ ចំណែកពិធីមង្គលការរបស់នាងក៏បានកំណត់រួចរាល់ហើយដែរ ។
ដើម្បីបញ្ចប់ពាក្យចចាមអារ៉ាមរឿង ហ៊ិន ច័ន្ទនីរ័ត្ន និងគូស្នេហ៍ សម្តេចតេជោ ហ៊ុន សែន បានចេញសារនៅលើ ហ្វេសប៊ុក របស់សម្តេច នៅព្រឹកថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២៣ នេះថា «ដើម្បីជៀសវាមាត់ចាបមាត់ព្រាបដូចពាក្យចាស់លោកពោលថាមាត់វែងជាងផ្លូវជុំវិញ កូនប្រុស ឌី ពេជ្រ និងកូនស្រី ហ៊ិន ច័ន្ទនីរត្ឋ័ ។ ក្នុងឋានះជាឪពុកធំកូន ពេជ្រ ខ្ញុំត្រូវតែចូលរួមរៀបចំឲ្យកូនទាំងពីរបានចូលរោងការតាមប្រពៃណី។ ថ្ងៃស្អែក២៧តុលា២០២៣ឪពុកម្តាយខាងប្រុស ចូលស្តីដណ្តឹងកូនស្រី ។ ថ្ងៃ ២២ ខែ ធ្នូ ២០២៣កំណត់ជាថ្ងៃរៀបការដែលគ្រួសារទាំងសងខាងនិង សាមីខ្លួនបានយល់ស្របតាមខ្ញុំដែលជាអាចារ្យធំរៀបចំពេលវេលាបែបនេះ។ ឈាមច្បាស់ជាខាប់ជាងទឹក និងសង្ឃឹមថាពុំ មានអ្នកធ្វើអត្ថាធិប្បាយណាយកទៅបកស្រាយផ្សេងពីនេះទៀតឡើយ » ។
ពេលដែលបានលឺសម្តេចប្រកាសជាផ្លូវការបែបនេះ អ្នកគាំទ្រ និង មិត្តសិល្បករខ្មែរទាំងក្នុងនិងក្រៅប្រទេស បានសម្តែងនូវការជូនពរ និង អបអរសាទរ ហ៊ិន ច័ន្ទនីរ័ត្ន មានសុភមង្គលក្នុងជីវិត ៕