ឃើញតែសើចសប្បាយ និងបង្ហាញរូបភាពស្រស់ស្អាតចែកចាយដល់អ្នកគាំទ្រខ្លួន តែការពិតតារា សម្តែង ស៊ីន យូប៊ីន ខ្វល់ចិត្តមិនស្ទើរឡើយរឿងឡើងជ្រុញវះកាត់ បើតាមគម្រោងនាងគ្រោងនឹងឡើងយន្តហោះទៅប្រទេស ថៃ ដើម្បីវះកាត់យកដែកចេញពីជើង បន្ទាប់ពីនាងបំពេញការងារនៅប្រទេស ជប៉ុន ចប់ ។
ពេលនេះកញ្ញា ស៊ីន យូប៊ីន កំពុងស្ថិតនៅប្រទេស ជប៉ុន ដើម្បីចូលរួមក្នុងកម្មវិធីធំមួយ នាងនឹងត្រឡប់មកប្រទេស កម្ពុជា វិញក្នុងពេលឆាប់ៗខាងមុខ ។
តារាសម្តែង ស៊ីន យូប៊ីន កាន់តែធ្វើឱ្យមហាជនមានមោទនភាពខ្លាំងទៅលើរូបនាង បន្ទាប់ពីនាងបានលេចមុខនៅក្នុងកម្មវិធីធំៗជាច្រើននៅលើឆាកអន្តរជាតិ ។ ប៉ុន្តែនៅពីក្រោយភាពជោគជ័យនោះ ស៊ីន យូប៊ីន ក៏បានលាក់ទុកនូវអារម្មណ៍ឈឺចាប់និងខ្វាយខ្វល់ក្នុងចិត្ត ព្រោះរបួសជើងរបស់នាង មិនទាន់ជាស្រួលបួលនៅឡើយទេ ។
បើតាមគម្រោង ស៊ីន យូប៊ីន នឹងឡើងទៅវះកាត់ដកដែកចេញពីជើង បន្ទាប់ពីបំពេញការងារនៅប្រទេស ជប៉ុន ចប់ ។ ស៊ីន យូប៊ីន បានប្រាប់ថា នាងត្រូវតែវះកាត់យកដែកចេញពីជើងឱ្យបានឆាប់បំផុត បើទោះបីជាគ្រូពេទ្យថា មិនចាំបាច់វះកាត់យកដែកចេញពីជើងរបស់នាងក្តី តែនាងនៅតែបារម្ភ ព្រោះមិនចង់បន្សល់ទុកនូវដែកក្នុងជើង ខ្លាចមានបញ្ហានៅថ្ងៃមុខ ។
បន្ទាប់ពីវះកាត់ដកដែកចេញពីជើង កញ្ញា ស៊ីន យូប៊ីន ក៏ប្រឈមនិងស្លាកស្នាមវះកាត់នៅលើជើងរបស់នាងផងដែរ ប៉ុន្តែរឿងនេះមិនបានធ្វើឱ្យ ស៊ីន យូប៊ីន ព្រួយបារម្ភនោះទេ ពីព្រោះសម័យបច្ចេកទេសទំនើប គឺអាចជួយឱ្យនាងចៀសផុតពីរឿងនេះបាន ៕