តារាចម្រៀង ជុំ លីណូ បានចុះកុងត្រាធ្វើជាតារាចម្រៀងនៅក្នុងផលិតកម្ម Galaxy Navatra មុនអំឡុងបុណ្យភ្ជុំបិណ្ឌក្រោយធ្វើតារាចម្រៀងឯករាជ្យរយៈពេល ៥ ឆ្នាំ គ្មានទាំងប្រាក់ចំណូល គ្មានទាំងកេរ្តិ៍ឈ្មោះ ។
ធ្វើតារាចម្រៀងឯករាជ្យអស់ពេលជាង ៥ ឆ្នាំ បានធ្វើឱ្យលោក ជុំ លីណូ ល្បីល្បាញគួរសមក្នុងវិស័យចម្រៀង ប៉ុន្តែចុងក្រោយនេះលោករកប្រាក់ចំណូលមិនសូវបានដូចមុនទេ ហើយកេរ្តិ៍ឈ្មោះក៏ធ្លាក់ទៅតាមហ្នឹងដែរ រហូតធ្វើឱ្យលោកស្វះស្វែងរកទ្រនំធំមួយដើម្បីជ្រកកោណ ។
ទីបំផុត ជុំ លីណូ បានក្លាយទៅជាតារាចម្រៀងពេញសិទ្ធនៅក្នុងផលិតកម្ម Galaxy Navatra ដោយលោកបានចុះកុងត្រាធ្វើការងារនៅទីនោះមុនអំឡុងបុណ្យភ្ជុំបិណ្ឌ ហើយថែមទាំងបានចេញបទចម្រៀងចំនួន ២ បទ ដើម្បីស្វាគមន៍នៃការបើកទំព័រថ្មីក្នុងវិស័យចម្រៀ់ង ។ លោក ជុំ លីណូ បានប្រាប់ថា ពេលនេះលោកមានទ្រនំជ្រកកោណច្បាស់លាស់ដូចគេហើយ លោកកាន់តែកក់ក្តៅចិត្តបន្ទាប់ពីបានក្លាយទៅជាគ្រួសារ Galaxy ដូចជារៀមច្បង និងប្អូនៗជំនាន់ក្រោយ លោកនឹងខិតខំពង្រឹងសមត្ថភាពខ្លួនឱ្យខ្លាំងជាងពេលនៅធ្វើជាតារាចម្រៀងឯករាជ្យ ។
គួរបញ្ជាក់ផងដែរថា MV ចម្រៀង ដែលលោក ជុំ លីណូ ចេញនៅក្នុងផលិតិកម្ម Galaxy រួមមានបទ « អ្នកណាថាខ្ញុំខ្លាចប្រពន្ធ » និងបទ « ស្រីៗថ្ងៃភ្ជុំបិណ្ឌ » ។ ឆាប់ៗខាងមុខលោកត្រៀមនឹងចេញបទចម្រៀងថ្មីៗជាច្រើនទៀត ដើម្បីបំពេរអារម្មណ៍មហាជន ៕