ក្រោយបោះបង់អាជីពសិល្បៈអស់ជាច្រើនឆ្នាំ ពេលនេះតារាសម្តែង និង ចម្រៀង កញ្ញា ប៊េប៊ី បានវិលមកកាន់វិស័យចាស់ឡើងវិញហើយ ហើយនាងនឹងធ្វើតាមបេះដូងខ្លួនឯង ដោយមិនបណ្តោយឱ្យពេលវេលាកន្លងផុតទៅដោយឥតប្រយោជន៍ឡើយ ។
ទន្ទឹមនិងការវិលត្រឡប់មកវិញនេះ កញ្ញា ប៊េប៊ី បានរំលឹកថា នាងពិតជាមានការសោកស្តាយខ្លាំងណាស់ ដែលជាច្រើនឆ្នាំកន្លងមកនេះ នាងបានបោះបង់អាជីពចម្រៀង និង សម្តែងចោល ដោយសារតែពេលនោះនាងជួបនូវបញ្ហាជាច្រើន ហើយក៏សម្រេចចិត្តងាកទៅចាប់អាជីពរកស៊ីបើកលក់កាហ្វេវិញ ។ សម្រាប់ការវិលត្រឡប់របស់នាងនេះមិនមែនដោយសារតែនាងបរាជ័យក្នុងការងាររកស៊ីនោះទេ ប៉ុន្តែដោយសារនាងចង់ធ្វើតាមបេះដូងរបស់ខ្លួន និងស្វែងរកអ្វីដែលជាខ្លួនឯង បន្ទាប់ពីបានកប់ក្តីស្រមៃខ្លួនអស់ជាច្រើនឆ្នាំ ។
ជំហានដំបូងនៃការវិលត្រឡប់នេះ ប៊េប៊ី ត្រៀមនឹងចេញបទចម្រៀងផ្ទាល់ខ្លួន រួមជាមួយនិងការបង្ហាញក្បាច់រាំជាក្រុម ដើម្បីសាងប្រជាប្រិយភាព ។ ប៊េប៊ី នៅតែសង្ឃឹមថា មហាជននៅតែស្រឡាញ់ និង គាំទ្រនាងដូចមុនដដែល បើទោះបីជានាងបានផ្អាកពីអាជីពនេះអស់ជាច្រើនឆ្នាំក្តី ។
កញ្ញា ប៊េប៊ី កាន់តែមានការជឿជាក់លើខ្លួនឯងក្នុ្ងងការកសាងកេរ្តិ៍ឈ្មោះក្នុងវិស័យសិល្បៈឡើងវិញ ដោយសារនាងបានហ្វឹតហាត់បន្ថែមផ្នែកចម្រៀង និង រាំ ជាពិសេសនោះគឺនាងបានផ្លាស់ប្តូររូបរាង និងមុខមាត់ថ្មី ដែលកាន់តែស្រស់ស្អាត មិនចាញ់ក្មេងៗជំនាន់ក្រោយឡើយ ។ ចាំមើលថា តើតារាស្រីរូបនេះអាចនឹងដណ្តើមប្រជាប្រិយក្នុងវិស័យសិល្បៈបានមកវិញឬយ៉ាងណា ?៕