ចប់បុណ្យភ្ជុំបិណ្ឌភ្លាម Idol តន់​ ចន្ទសីម៉ា ចេញ MV ចម្រៀងថ្មីនិយាយពីការ « តស៊ូ » 

តារាចម្រៀង តន់ ចន្ទ សីម៉ា បានបង្ហើរសំនៀងថ្មីមួយបទដ៏ទាក់ទាញបន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌចប់ ដោយ MV ចម្រៀងថ្មីនេះមានចំណងជើងថា « តស៊ូ » ដែលច្រៀងរៀបរាប់ពីការតស៊ូ ។ 

MV ចម្រៀង « តស៊ូ » របស់តារាចម្រៀង តន់ ចន្ទសីម៉ា បានចេញនៅលើផេកផ្លូវការរបស់ផលិតកម្ម Galaxy Navatra កាលពីព្រឹកថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០២៣ នេះ ។ ក្នុងបទចម្រៀង «តស៊ូ » នេះផងដែរ គឺកញ្ញា តន់ ចន្ទសីម៉ា ច្រៀងរៀបរាប់ពីការតស៊ូ ពេលជួបបញ្ហា ឬ ឧបសគ្គអ្វីមួយ​ ត្រូវតាំងស្មារតីឱ្យរឹងមាំ ហើយដោះស្រាយរកច្រកចេញ ដាច់ខាតកុំចុះចាញ់ ត្រូវតស៊ូដើរទៅមុខ ។ 

កញ្ញា តន់ ចន្ទសីម៉ា បានរៀបរាប់បន្ទាប់ពីចេញបទចម្រៀង « តស៊ូ » ជាផ្លូវការថា « បើយើងម្នាក់ៗរៀបរាប់ពីដំណើរជីវិត ជួបរឿងរ៉ាវច្រើនណាស់ ឆ្លងកាត់ការសប្បាយរីករាយ ទុក្ខសោក ការខកចិត្ត បាក់ទឹកចិត្ត និងភាពស្មុគស្មាញជាច្រើនក្នុងដំណើរជីវិត ប៉ុន្តែមានពាក្យពីរម៉ាត់ ត្រូវប្រាប់ខ្លួនឯង ដួលត្រង់ណាក្រោកត្រង់នឹង គឺការ ” តស៊ូ ” ដែលអាចឱ្យយើងជំនះ យកឈ្នះខ្លួនឯង ធ្វើឱ្យខ្លួនឯងរឹងមាំ និងព្រមឈរជាមួយឧបសគ្គ ដោះស្រាយវាដោយស្មារតី បញ្ញា ទំនួសខុសត្រូវ រៀនយល់ឱ្យច្បាស់ពីដំណើរជីវិត សុខ និងទុក្ខរមែងដើរទន្ទឹមគ្នា ហើយក៏សង្ឈឹមអត្ថន័យមួយបទនេះ នឹងមានប្រយោជន៍ដល់ បងប្អូនដែលកំពុងត្រូវការកម្លាំងចិត្ត ពួកយើងត្រូវរស់នៅឱ្យមានស្នាមញញឹម ក្ដីសុខឱ្យច្រើនជាងទុក្ខ ព្រោះយើងមិនអាចរើស សុខ និង ទុក្ខបានឡើយ ទោះបីមានប៉ុណ្ណាក្ដី ព្រោះជាច្បាប់ធម្មជាតិ ប៉ុន្តែតែយើងអាចគ្រប់គ្រងចិត្ត ការគិតអ្វីៗដែលល្អៗចូលមកក្នុងជីវិត រមែងមានផលវិជ្ជាជានិច្ច អរគុណច្រើនចំពោះការផ្ដល់ស្នាមញញឹម កម្លាំងចិត្ត និង ការគាំទ្ររហូតមក » ។

បន្ទាប់ឃើញការរៀបរាប់របស់តារាចម្រៀង តន់ ចន្ទសីម៉ា ដូចខាងលើ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនស ម្តែងនូវអារម្មណ៍ពេញចិត្ត និងចូលចិត្តខ្លាំងជាមួយបទចម្រៀង « តស៊ូ » នេះ ៕