កញ្ញា ហ៊ិន លីដា បានរៀបរាប់ទាំងទឹកភ្នែកថា មុននឹងក្លាយទៅជាតារាចម្រៀងនៅក្នុងផលិតកម្ម Galaxy Navatra នាងបានជួបនូវការលំបាកជាច្រើនក្នុងជីវិត ប៉ុន្តែការលំបាកនោះបានរសាត់ទៅអស់ បន្ទាប់ពីនាងរកឃើញទ្រនំសុខសាន្តមួយ ។
ទន្ទឹមនិងការលេចមុខក្នុងផលិកម្មចម្រៀង Galaxy Navatra កញ្ញា ហ៊ិន លីដា កាន់តែមានប្រជាប្រិយភាពខ្លាំងឡើងនៅក្នុងវិស័យចម្រៀ់ង ដោយសារនាងជាតារាចម្រៀងវ័យក្មេងដែលមានសម្លេងពិរោះអាចច្រៀងបានគ្រប់ទម្រង់ ។ មកទល់ពេលនេះ កញ្ញា ហ៊ិន លីដា បានក្លាយទៅជាតារាចម្រៀងប្រចាំនៅក្នុងផលិតកម្ម Galaxy Navatra រយៈពេលេជិតមួយឆ្នាំហើយ ហើយបទចម្រៀងល្បីៗរបស់នាងជាច្រើនក៏កំពុងអង្រួញបេះដូងអ្នកគាំទ្រផងដែរ ជាពិសេស គឺបទចម្រៀងអបអរពិធីបុណ្យភ្ជុំបិណ្ឌនេះតែម្តង ។
កញ្ញា ហ៊ិន លីដា បានរំលឹកទៅកាលពីមុនចូលផលិតិកម្មថា ជីវិតនាងជួបនូវការលំបាកខ្លាំងកាលពីអំឡុងកូវីដ ១៩ ពេលនោះនាងមានអារម្មណ៍ស្រ្តេសខ្លាំង ពីព្រោះនាងត្រូវបាត់បង់ការងារទាំងអស់ ត្រូវសំងំនៅតែផ្ទះ មិនអាចចេញទៅក្រៅបាន ដូច្នេះហើយនាងគ្មានប្រាក់ចំណូលអ្វីទាំងអស់ ដូចដឹងស្រាប់ហើយថា ជាអ្នកចម្រៀងត្រូវធ្វើការដើម្បីប្តូរយកប្រាក់ ប៉ុន្តែរឿងរ៉ាវទាំងនោះបានកន្លផុតទៅជាច្រើន ឆ្នាំហើយ នាងក៏មិនចង់រំលឹកទៀតដែរ ពីព្រោះថា ពេលនេះនាងបានចូលច្រៀងនៅក្នុងផលិតកម្មល្បីឈ្មោះ ដែលបានជំរុញនាងកាន់តែខ្លាំងនៅក្នុងវិស័យចម្រៀង ។
កញ្ញា ហ៊ិន លីដា បានរៀបរាប់បន្ថែមទៀតថា តាំងពីនាងចូលច្រៀងនៅក្នុងផលិតកម្ម Galaxy Navatra នាងទទួលបានបទពិសោធថ្មីៗជាច្រើន ទាំងថតបទចម្រៀង និង ថត MV ចម្រៀង ។ ហើយអ្វីដែលពិសេសនោះ គឺនាងកាន់តែកក់ក្តៅចិត្តនៅពេលដែលក្លាយទៅជាគ្រួសារ Galaxy ។
កញ្ញា ហ៊ិន លីដា ចាប់ផ្តើមល្បីល្បាញខ្លាំងក្នុងវិស័យចម្រៀងតាមរយៈបទចម្រៀងនៅក្នុងផលិតកម្ម Galaxy ដែលមានចំណងជើងថា « ច្បាស់ឬនៅ ? » « ទោះជាបងក្រ » គេស្អប់ខ្ញុំជារឿងគេ » និងបទចម្រៀងជាច្រើនបទទៀត ជាពិសេសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ នាងបានចេញនូវបទចម្រៀងថ្មីៗជាច្រើនដើម្បីបំពេរអារម្មណ៍ទស្សនិកជន ៕