មានទស្សនិកជនតិចតួចណាស់ដែលដឹងពីប្រវត្តីដ៏ជូរចត់របស់ អែម គុនថង មុននឹងនាងក្លាយទៅជា Miss Global Cambodia 2022 ។ ការពិត អែម គុនថង ធ្លាប់ជាពលការិនីចំណាកស្រុក ដែលបានចេញទៅធ្វើការងារនៅប្រទេស ជប៉ុន តាំងពីមានវ័យ ១៦ ឆ្នាំ នាងបានតស៊ូក្នុងជីវិតជាពលការិនីយ៉ាងលំបាក ដើម្បីបានប្រាក់ចិញ្ចឹមគ្រួសារ ។
បច្ចុប្បន្ន អែម គុនថង គឺជាតារាបង្ហាញម៉ូដល្បីឈ្មោះមួយរូបនៅក្នុងវិស័យដើរម៉ូដ ភាគច្រើននាងលេចមុខក្នុងកម្មវិធីធំៗជាច្រើន ។ នៅឆ្នាំ ២០២២ នាងបានក្លាយទៅជាម្ចាស់មកុដ Miss Global Cambodia 2022 ដែលបានចេញទៅប្រកួតនៅលើឆាកអន្តរជាតិ ថ្វីដ្បិតតែពេលនោះនាងមិនទទួលបានចំណាត់ថ្នាក់ល្អ ប៉ុន្តែបានធ្វើឱ្យមានកេរ្តិ៍ឈ្មោះក្នុងវិថីសិល្បៈមកទល់ពេលនេះ ។
អែម គុនថង បានទម្លាយពីប្រវត្តិជូរចត់របស់ខ្លួននៅក្នុងអំឡុងពេលដែលនាងផ្ទេរមកុដទៅកាន់ Miss Global Cambodia 2023 កាលពីពេលថ្មីៗនេះថា ជីវិតរបស់នាងជួបនូវភាពជូរចត់រាប់មិនអស់ នៅពេលដែលនាងចំណាកស្រុកធ្វើជាពលការិនី នៅប្រទេស ជប៉ុន តាំងពីមានវ័យ ១៦ នាងមិនដែលគិតថា អាចកែប្រែពីក្មេងស្រីជាពលការិនី មកជាបវរកញ្ញានិងគេបាននោះទេ ដូច្នេះហើយ នាងចង់ឱ្យសុភាពនារីទាំងឡាយកុំអស់សង្ឃឹមក្នុងជីវិត ថ្វីដ្បិតតែពេលនេះយើងមិនទាន់ជោគជ័យ ប៉ុន្តែថ្ងៃណាមួយអ្នកទាំងអស់គ្នានឹងជោគជ័យដូចជារូបនាងដែរ ។
កញ្ញា អែម គុនថង មិនមានអារម្មណ៍ខ្មាស់អៀននៅពេលដែលទម្លាយពីប្រវត្តិខ្លួនដែលធ្លាប់ជា ពលការិនីបំរើការងារនៅប្រទេស ជប៉ុន នោះទេ ផ្ទុយទៅវិញ នាងបែរជាសប្បាយចិត្ត ដែលបានចែករំលែកបទ ពិសោធជីវិតពិតដែលខ្លួនធ្លាប់បានឆ្លងកាត់ ពីព្រោះនាងមិនដែលគិតថា នាងអាចក្លាយទៅជាបវរកញ្ញា ឬមានឈ្មោះក្នុងវិថីសិល្បៈឡើយ ។
ក្រៅពីការងារបង្ហាញម៉ូដ អែម គុនថង ក៏ធ្លាប់ជាតារាសម្តែងមួយរួបដែរ តែដោយសារការងារសម្តែងមិនទទួលបានជោគជ័យ នាងទទួលតែការងារបង្ហាញម៉ូដប៉ុណ្ណោះ ណាមួយការងារនេះត្រូវនិងចំណង់ចំណូលចិត្តរបស់នាងផង ៕