កញ្ញា ឆាយ នីតា បានបង្ហាញវត្តមានថ្មីជាមួយរូបសម្រស់ថ្មី ប្លែក និងគួរឱ្យចាប់អារម្មណ៍បំផុត ក្រោយបាត់មុខពីឆាកសម្តែងអស់ពេលយ៉ាងយូរ ។
កញ្ញា ឆាយ នីតា ធ្លាប់បានអង្រួនបេះដូងអ្នកគាំទ្រតាមរយៈរឿងភាគជាច្រើន ប៉ុន្តែគួរឱ្យស្តាយពេលដែលកេរ្តិ៍ឈ្មោះកំពុងល្បីល្បាញ ស្រាប់តែនាងបាត់មុខឈឹងពីសិល្បៈ ដោយមិនទទួលការងារអ្វីទាំងអស់ ទស្សនិកជនជាច្រើននៅតែចង់ឃើញស្នាដៃនាង ។
ដោយឡែកថ្មីៗនេះ ស្រាប់តែ ឆាយ នីតា បានវិលត្រឡប់មកសិល្បៈវិញ ជាមួយនិងរូបរាង និង រូបសម្រស់ថ្មី ស្រស់ស្អាត ប្លែក ពីមុន ដែលធ្វើឱ្យមិត្តរួមអាជីពមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
កញ្ញា ឆាយ នីតា បានទទួលស្គាល់ថា ពីមុននាងធាត់ឡើងគីឡូខ្លាំង ទើបមិនហ៊ានទទួលការងារ សិល្បៈ ប៉ុន្តែក្រោយពីនាងសម្រកគីឡូ និងកែប្រែមុខមាត់ថ្មី ទើបនាងក្លាហានត្រឡប់មកទទួលការងារក្នុងសិល្បៈវិញ ។
តារាសម្តែង ឆាយ នីតា បានចូលហាងកែសម្ផស្ស ដើម្បីកែទម្រង់មុខ និង កែកុនចំណុចមួយចំនួននៅលើផ្ទៃមុខនៅក្នុងហាងកែសម្ផស្សមួយកន្លែង ដូច្នេះហើយទើបសម្រស់នាងប្រែប្រួលខ្លាំង មើលទៅស្រស់ស្អាតប្លែកបែបនេះ បើប្រៀបធៀបទៅនិងពេលមុនគឺពិតជាខុសប្លែកពីគ្នាឆ្ងាយណាស់ ។
ទន្ទឹមនិងការកែសម្ផស្ស ផ្លាស់ប្តូរទម្រង់មុខថ្មី កាន់តែធ្វើឱ្យ ឆាយ នីតា មានហុងស៊ុយឡើងក្នុងវិស័យ សិល្បៈ រហូតត្រូវបានបណ្តាផលិតកម្មជាច្រើនហៅថតជាបន្តបន្ទាប់ ទាំងរឿងភាគ និងរឿងដុំ ជាក់ស្តែងពេលនេះនាងកំពុងលេចមុខនៅក្នុងរឿង « ហ្វូតូកូពី » ដែលមានបញ្ចាំងនៅរោងភាពយន្ត ។
ឆាយ នីតា មានគម្រោងនឹងថតរឿងថ្មីៗជាច្រើនជាបន្តបន្ទាប់ទៀត នាងរំពឹងថា ដើមឆ្នាំ ២០២៤ ខាងមុខនាងនឹងផ្ទុះខ្លាំងជាមួយស្នាដៃថ្មីៗរបស់ខ្លួន ៕