លោក សាន់ សុះ អភិបាលរងស្រុកបុរីជលសារ ខេត្តតាកែវ ដែលទើបតែងតាំងថ្មីកាលពីថ្ងៃខែតុលា ២០២២ មិនទាន់បាន១ឆ្នាំស្រួលបួលផង ផ្ទុះរឿងអាស្រូវ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ចេញលិខិតកោះហៅចូលបំភ្លឺរឿងភាពមិនប្រក្រតីលើការចាត់ចែងប្រាក់ឧបត្ថម្ភចំនួន ៦០០០ដុល្លារ ជាការឧបត្ថម្ភរបស់ឯកឧត្តមកិតិ្តនីតិកោសលបណ្ឌិត ប៊ិន ឈិន សម្រាប់ធ្វើដំបូលសំយ៉ាបមុខវិហារឥស្លាម ស្ថិតនៅភូមិកំពង់យោល ឃុំគោកពោធិ៍ ស្រុកបុរីជលសា ខេត្តតាកែវ។
ខ្លឹមសារនៃលិខិតរបស់អង្គភាពប្រឆាំងអំពើពុករលួយ បានឲ្យដឹងថា លោកអភិបាលរងស្រុកថា អង្គភាពប្រឆាំងអំពើពុករលួយ បានទទួលនិងពិនិត្យលើពាក្យប្ដឹង ដែលបានលើកឡើងថាកាលពីថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៣ លោកទទួលប្រាក់ឧបត្ថម្ភចំនួន ៦០០០ដុល្លារអាមេរិក របស់ឯកឧត្តមកិតិ្តនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីនិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តតាកែវ ដើម្បីធ្វើដំបូលសំយាបមុខវិហារឥស្លាម ភូមិកំពង់យោល ឃុំគោកពោធិ៍ ស្រុកបុរីជលសារ ខេត្តតាកែវ ប៉ុន្តែដំបូលសំយាបវិហារឥស្លាមនោះបានធ្វើរួចរាល់ជាស្ថាពរតាំងពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៣ មកម៉្លេះ ដោយការចំណាយលើការសាងសង់ដំបូលវិហារនេះ បានមកពីការរៃអង្គាសគ្នារបស់អ្នកភូមិនិងការសុំជំនួយពីសប្បុរសជនក្នុងនិងក្រៅស្រុក។
ក្នុងលិខិតដដែលបញ្ជាក់ថា តើប្រាក់ឧបត្ថម្ភចំនួន ៦០០០ដុល្លារអាមេរិក របស់ឯកឧត្តមកិតិ្តនីតិកោសលបណ្ឌិត ប៊ិន ឈិន ដើម្បីធ្វើដំបូលសំយាបមុខវិហារឥស្លាម ភូមិកំពង់យោល ឃុំគោកពោធិ៍ ស្រុកបុរីជលសារ ខេត្តតាកែវ លោកយកទៅចាត់ចែងនិងចំណាយលើគម្រោងអ្វីខ្លះ?